ចិន និងបារាំង ឲ្យកម្ពុជា និងថៃ ឈប់បាញ់គ្នាជាបន្ទាន់
លោក វ៉ាង វិនប៊ីន (Wang Wenbin) អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ជាផ្លូវការលើបណ្តាញសង្គមថ្ងៃពុធនេះថា ភារកិច្ចចំពោះមុខដ៏សំខាន់បំផុតនាពេលនេះ គឺភាគីកម្ពុជា និងថៃ ត្រូវតែបញ្ឈប់ការបាញ់ប្រហារគ្នាឱ្យបានឆាប់រហ័ស ដើម្បីបើកផ្លូវឱ្យការសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។
ចិន ប្រកាសគាំទ្រពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន ជាពិសេសតួនាទីដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ាន ក្នុងការឃ្លាំមើលបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ចិនសង្ឃឹមមាំថា ប្រទេសជិតខាងទាំងពីរនឹងរួមដំណើរជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនឡើងវិញ។
ស្របពេលជាមួយគ្នានេះ លោក Deng Xijun បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ក៏កំពុងបំពេញទស្សនកិច្ចការទូតជាបន្ទាន់នៅក្នុងប្រទេសកម្ពុជា និងថៃ ដើម្បីធ្វើជាអន្តរការីសម្របសម្រួលឱ្យមានបទឈប់បាញ់ជាផ្លូវការ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ ក៏ថ្លែងសារដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ និងកសាងទំនុកចិត្តរវាងកម្ពុជា និងថៃឡើងវិញ។
តាមស្ថានទូតបារាំងប្រចាំកម្ពុជា បានស្រង់សំដីលោក ហ្សង់ ណូអែល បារ៉ូ ថា ៖«ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ បានបង្កឱ្យមានការជម្លៀសមនុស្សប្រមាណមួយលាននាក់រួចមកហើយ។ ខ្ញុំបានទាក់ទងតាមទូរស័ព្ទទៅសមភាគីកម្ពុជា និងថៃដើម្បីជំរុញឱ្យមានបទឈប់បាញ់មួយភ្លាមៗ។ សន្តិភាពមួយប្រកបដោយភាពត្រឹមត្រូវ និងចីរភាព អាចទទួលបានតែតាមរយៈការចរចាប៉ុណ្ណោះ»៕