ចិន និងជប៉ុន នៅពេលការកើនភាពតានតឹងខាងពាក្យសំដីជុំវិញបញ្ហាតៃវ៉ាន់ និងបង្ក វិបប្លាសដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍
ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកៃជី បានប្រកាសអំពីការគាំទ្ររបស់ លោកស្រីសម្រាប់តៃវ៉ាន់ ភាពតានតឹងរវាងជប៉ុន និងចិន បានទៅកាន់តែលឿន។ ទីក្រុងប៉េកាំង បានឆ្លើយតបដោយហាមឃាត់ការនាំចូលផលិតផលសមុទ្ររបស់ជប៉ុន និងផ្សាយការ ព្រមានសម្រាប់អ្នកទេសចរណ៍ចិនទៅជប៉ុន ចំណែកជប៉ុនបានអំពាវនាវឲ្យជនជាតិខ្លួនដែលស្ថិតនៅប្រទេសចិន ឲ្យធ្វើការប្រុងប្រយ័ត្នផងដែរ។
ជម្លោះគឺកើតឡើងក្រោយពីការថ្លែងការណ៍ដែលមិនធ្លាប់មានរបស់នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រីសាណាអេ តាកៃជី។ កាលពីដើមខែវិច្ឆិកា ក្នុងអំឡុងកិច្ចប្រជុំសភាជប៉ុន លោកស្រីបានថ្លែងថា ការវាយប្រហាររបស់ចិនមកលើតៃវ៉ាន់អាចនឹងបង្កការគំរាមកំហែងសម្រាប់ ការរស់រានមានជីវិតរបស់ជប៉ុន និងត្រូវឲ្យមានការឆ្លើយបតខាងយោធា ដ៏មានសក្តានុពលរបស់ទីក្រុងតូក្យូក្នុងលក្ខន្តិកៈស្របច្បាប់ក្នុងការការពារជាសហមូហភាព។
សម្រាប់ប្រទេសចិន ដែលតែងចាត់ទុកតៃវ៉ាន់ជាខេត្តមួយដែលចង់បំបែកខ្លួនដែលចាំបាច់ត្រូវប្រើកម្លាំងបង្រួបបង្រួមប្រសិនបើចាំបាច់ យល់ថា ការថ្លែងបែបនេះគឺជាការបង្កហេតុដោយបើកចំហរ និងជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនយ៉ាងច្បាស់ៗ និងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីជាមួយជប៉ុន។
លោកចន លីម អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាឈានមុខអំពីអាស៊ីនៃសកល វិទ្យាល័យតូក្យូ ពន្យល់ថា ៖ ”នេះគឺជាលើកទី១ ដែលតៃវ៉ាន់ស្ថិតនៅចំកណ្តាលច្បាស់ៗ នៃ វិបត្តិការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ។”
មកដល់ពេលនេះ ភាពតានតឹងត្រូវបានផ្តោចអារម្មណ៍លើជម្លោះដែនដី ឬបញ្ហាប្រវត្តិសាស្រ្តរួចហើយ។
យោងតាមអ្នកសិក្សាស្រាវជ្រាវរូបនេះ ការថ្លែងរបស់លោកស្រីនាយករដ្ឋមន្រ្តីជប៉ុន គឺជាការបញ្ជាក់ឲ្យច្បាស់នូវការបង្ការជាមុនដែលសំដៅគូសបន្ទាត់ក្រហមរបស់ជប៉ុនដោយមិនចង់បង្កការប្រឈមមុខធំដុំ។ ម្យ៉ាងវិញទៀត ប្រទេសជប៉ុនពឹងផ្អែកលើទំនាក់ទំនងលឿនដោយបញ្ជូនសារធ្វើឲ្យស្ងប់ចិត្តសម្រាប់ការរក្សាស្ថានភាពអ្វីៗឲ្យនៅដដែល តាមរយៈការបញ្ជូនមន្រ្តីជាន់ខ្ពស់ខាងសន្តិសុខទៅកាន់ទីក្រុងប៉េកាំង។
ចំណែកការឆ្លើយតបរបស់ចិន មិនត្រូវបានធ្វើឲ្យរង់ចាំយូរ។ ក្រោយការថ្លែងរបស់នាយករដ្ឋមន្រ្តីជប៉ុនភ្លាមៗ ទីក្រុងប៉េកាំង បានបង្កើនវិធានការដាក់ទណ្ឌកម្មមានជាអាទិ៍ការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុន ជាផ្លូវការដែលត្រូវបានវិនិច្ឆ័យថា វាយកមកពីទឹកកខ្វក់ដែលបញ្ចេញចេញពីរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស្ហ៊ីម៉ា ដែលរងការខូចខាត បន្ទាប់ពីត្រូវបានលើកលែងមួយផ្នែកបានប៉ុន្មានខែ។ នេះធ្វើឲ្យភោជនីយដ្ឋានជប៉ុននៅប្រទេសចិនដែលមានភាពងាយរងគ្រោះដោយការរាំងខ្ទប់ពីលើកមុន ក៏លំបាកនឹងផ្គត់ផ្គង់ដល់ខ្លួនឯងដែរ។ កិច្ចចរចាអំពីការចាប់ផ្តើមនាំចូលសាច់គោពីជប៉ុន ក៏បានព្យួរទុក។ ការបង្ហាញអំពីវប្បធម៌ត្រូវបានលុប។ ភាពយន្តគំនូរជីវចលជប៉ុនយ៉ាងហោចណាស់ពីរដែលនឹងត្រូវចាក់បញ្ជាំងនៅប្រទេសចិនត្រូវបានរារាំង។ ប្រទេសចិនក៏បានជំរុញឲ្យនិស្សិតរបស់ខ្លួនដែលរៀននៅជប៉ុន ឬត្រៀមទៅរៀនឲ្យវាយតម្លៃឡើងវិញអំពីហានិភ័យ និងត្រូវធ្វើការប្រុងប្រយ័ត្នសម្រាប់ការរៀបចំខ្លួន។
ប្រឈមនឹងបរិយាកាសដែលកាន់តែដុនដាប ជប៉ុនបានស្ថិតនៅក្នុងការប្រកាសអាសន្នដែរ។ ប្រទេសជប៉ុនផ្តល់អនុសាសន៍ឲ្យជនជាតិខ្លួននៅប្រទេសចិនត្រូវធ្វើការប្រុងប្រយ័ត្នបន្ថែម និងជៀសវាងទៅកាន់កន្លែងដែលមានមនុស្សច្រើន។ ពួកគេត្រូវបានផ្តល់ដំបូលន្មានមិនត្រូវធ្វើដំណើរតែឯងទេ និងធ្វើការប្រុងប្រយ័ត្នបន្ថែមនៅពេលពួកគេធ្វើដំណើរជាមួយនឹងកុមារតូចៗ។