គ្រូពេទ្យអ៊ីរ៉ង់ ធ្វើសាក្សីសម្រាប់ការបង្រ្កាបដែលមិនធ្លាប់មានពីមុន

មន្ទីរពេទ្យមានពោរពាសដោយអ្នកជំងឺ និងរបួស និងអ្នករបួសជាច្រើនត្រូវបានព្យាបាល​នៅផ្ទះ ដោយពួកគេត្រូវបាញ់ដោយគ្រាប់កាំភ្លើងពិត។ គ្រួពេទ្យនានាពិព៌នាអំពីការបង្រ្កាបដោយ ហិង្សាហួសហេតុ ដែលបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ និងរបួសធ្ងន់ធ្ងរ នៅអ៊ីរ៉ង់។

សារព័ត៌មានហ្វ្រ៉ង់​២៤ FRANCE24 បានធ្វើការសម្ភាសន៍គ្រូពេទ្យជាច្រើន​ដែលបាន​ចាកចេញ​ពី​អ៊ីរ៉ង់។ គ្រូពេទ្យទាំងនេះ បានត្រូវចល័ត​ទៅព្យាបាលអ្នករបួសនាល្ងាចថ្ងៃទី៨ និងថ្ងៃទី៩ ខែ​មករា នៅអំឡុងពេលដែលការតវ៉ាប្រឆាំងនឹងរបបតេអេរ៉ង់ បានកើនឡើងដល់កំពូល និង​ការ​បង្ក្រាប​ដ៏ឃោរឃៅរបស់អាជ្ញាធរ ទៅលើក្រុមបាតុករ។ 

ការរៀបរាប់របស់ពួកគេស្រដៀងគ្នា។ គ្រូពេទ្យបានពិព៌នាអំពីឆាកនៃភាពចលាចល​ក្នុងទ្រង់​ទ្រាយមិនធ្លាប់មានពីមុន ដែលត្រូវបានវាយតម្លៃថា សឹងតែជាថ្ងៃរលាយពិភពលោក និង​ជា​សោកនាកម្ម​នៃអ្នករបួសដោយសង្រ្គាម។ គ្រឹះស្ថានវេជ្ជសាស្រ្ត​នានាត្រូវបានជន់ជោរដោយ​មនុស្ស​ភ្លាមៗ។ មនុស្សរាប់សិបនាក់ត្រូវបានបញ្ជូនចូលកន្លែងមួយៗ។ ក្រុមវេជ្ជបណ្ឌិត ​និង​គ្រូពេទ្យ​​បានរៀបរាប់អំពីការផ្តល់ការព្យាបាល​ក្នុងភាពបន្ទាន់ខ្លាំង ដោយសារ​តែ​ភាព​ធ្ងន់ធ្ងរ​នៃ​អ្នក​របួសជាច្រើនពេក។

គ្រូពេទ្យម្នាក់ បានរៀបរាប់ថា ពេលនោះជាល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី៨។ ពួកគេមិនមាន​អ៊ីនធឺណិត។ ការទំនាក់ទំនងត្រូវបាន​កាត់ផ្តាច់។ ដូច្នេះវាមានការស្មុគស្មាញខ្លាំងណាស់​សម្រាប់គ្រូពេទ្យ​ដើម្បី​មកជាបន្ទាន់​ធ្វើការព្យាបាលលំហូរមនុស្សចូលមក​ដែល​សុទ្ធសឹង​ជាអ្នក​រងរបួសដោយ​ត្រូវគ្រាប់ពិត។ គ្រួពេទ្យរូបនេះ បានរៀបរាប់ដែរថា ប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​គ្រោះ​ថ្នាក់នេះ ការរួបរួមសាមគ្គីភាពបានបង្ហាញឡើង។ ពេទ្យឯកជន ដែលធម្មតា​មាន​តម្លៃថ្លៃ ក៏​បានបើកទ្វារទទួលអ្នករបួស។ ពេទ្យឯកជនក៏ជន់ជោរដោយមនុស្សដែរ។ ពួកគេ​មិនបាន​បដិសេធនរណាម្នាក់ទេ ហើយការព្យាបាលគឺមិនយកកម្រៃ។ ក្រុមគ្រួ​ពេទ្យ​និយាយ​ថា ពួកគេ​មិន​ចង់បានលុយទេ។ ការព្យាបាលនឹងត្រូវផ្តល់ឲ្យសម្រាប់​ទាំង​អស់​គ្នា។

លោកវេជ្ជបណ្ឌិតម្នាក់ បានបញ្ជាក់ថា អ្នករបួសដែលមកនៅរាត្រីថ្ងៃព្រហស្បតិ៍នោះ គឺមាន​គ្រប់វ័យ។ មានដូចជាបុរសវ័យ ៧០ឆ្នាំ មួយរូប ដែលត្រូវរបួសខ្នង ប៉ុន្តែក៏មានក្មេង និងយុវជន​អាយុ ១៤ឆ្នាំ ផង​ដែរ។ចំណែកសភាពរបួស គឺភាគច្រើនប្រមូលផ្តុំលើ ក្បាល មុខ ពោះ ខាង​ក្រោម​ពោះ និងចំហៀងខ្លួន។

គ្រួពេទ្យម្នាក់ទៀត បាននិយាយដែរថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍នោះមក ប្រភេទនៃរបួស​បាន​ផ្លាស់ប្តូរ។ គឺសុទ្ធសឹងតែគ្រាប់កាំភ្លើងពិត ដែលគេបានគេបាញ់។ វាកើតឡើងដូចជា ពួកគេ​អ្នក​បាញ់​គឺជាកងកម្លាំងសន្តិសុខ ដែលបានទទួលបញ្ជាឲ្យបាញ់មនុស្សគ្រប់គ្នា ដូច​ក្នុងពេល​សង្រ្គាម។ លោកគ្រូពេទ្យ​បាន​​និយាយ​បន្តថា ពេលនោះថ្ងៃសុក្រ លោកត្រូវបានហៅមក ហើយ​ប្រាប់ថា មានអ្នករបួស​ម្នាក់​បាន​មកដល់ដោយត្រូវគ្រាប់កាំភ្លើងពិត។ ហើយបន្ទាប់ពី​ពេល​នោះ គឺមាន​តែគ្រាប់កាំភ្លើង​ពិត​​ដែល​ត្រូវបានគេប្រើប្រាស់។ របួសដែលលោកឃើញ​ផ្តល់​ឲ្យ​លោកនូវអារម្មណ៍ថា អ្នក​របួស​ព្យាយាម​រត់គេច គេបាញ់ពួកគេ​មកពីខាងលើដោយ​មិនមាន​គោលដៅ​ច្បាស់លាស់ នៅចំ​កណ្តាល​ហ្វូងមនុស្ស។

យោងតាមអង្គការនិទណ្ឌភាពអន្តរជាតិ Amnesty International ដែលបានទទួលវីដេអូ រូបថត និងសាក្សី បានបញ្ជាក់ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានប្រើប្រាស់អាវុធសម្លាប់ពិតប្រាកដ ប្រើគ្រាប់​កាំភ្លើង កាំភ្លើងយន្តស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ហើយបាញ់តាមរបៀប​បន្ត​ជាប់គ្នា ដោយមិនមានការបែងចែកលើហ្វូងមនុស្ស។ អង្គការក្រៅរដ្ឋាភិបាលនេះ បាន​បញ្ជាក់​ថា ភស្តុតាងបានបង្ហាញថា អាជ្ញាធរអ៊ីរ៉ង់បានធ្វើការសម្លាប់ក្នុងទ្រង់ទ្រាយធំ និងដោយ​ខុស​ច្បាប់។

 

 

Daily Program

Livesteam thumbnail