គ្រីស្តបរិស័ទប្រមាណជាង២០នាក់ចូលរួមសិក្ខាសាលក្រោមប្រធានបទ«ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។
លោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ បានពន្យល់ថា «ស៊ីនុដាលីធី» គឺជាគំនិតទស្សនៈថ្មីរបស់ព្រះសហគមន៍សកលទូទាំងពិភពលោក ដែលជំរុញឱ្យគ្រីស្តបរិស័ទធ្វើដំណើរឆ្ពោះទៅមុខរួមគ្នា។ សិក្ខាសាលានេះត្រូវបានបង្កើតឡើងដើម្បីឱ្យគ្រីស្តបរិស័ទយល់ដឹងពីសារៈសំខាន់នៃការរួមដំណើរជាធ្លុងតែមួយ ដែលផ្តោតលើចំណុចសំខាន់ៗដូចជា ការចេះលះបង់ជីវិតឱ្យគ្នាទៅវិញទៅមក និងការចូលរួមក្នុងសកម្មភាពព្រះសហគមន៍ដោយមានឱកាសនិយាយ ស្តាប់ គោរពគ្នា និងពិភាក្សាដោយស្មើភាព។
យោងតាមស្លាយបង្ហាញរបស់លោក លំហាត់ក្នុងក្រុមបែបស៊ីនុដាលីធីមានពីរចំណុចធំៗគឺ៖ ទី១ ការស្តាប់៖ ផ្តោតលើឥរិយាបថស្តាប់ដោយយកចិត្តទុកដាក់និងសកម្ម និយាយចេញពីបេះដូង និងបើកចំហដួងចិត្តទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
ទី២ ការសន្ទនាមានបីជុំ៖ ជុំទី១ ជាការចែករំលែកដំបូង ជុំទី២ ជាការចែករំលែកលើចំណុចឯកភាពនិងចំណុចមិនស៊ីសង្វាក់គ្នា និងជុំទី៣ ជាការសន្ទនារកចំណុចសំខាន់ៗ ស្វែងរកភាពឯកភាព ឧបសគ្គ និងសំណួរថ្មីៗ ព្រមទាំងមានការបែងចែកក្រុមតូចៗដើម្បីពិភាក្សាស៊ីជម្រៅផងដែរ។
លោកបូជាចារ្យ វី សំណាង ជាសិក្ខាកាមមួយរូប បានរៀបរាប់ថា គំនិតនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ក្នុងឆ្នាំ២០២១ ដើម្បីឱ្យគ្រប់ភាគីទាំងអស់នៅក្នុងព្រះសហគមន៍ដើរទន្ទឹមគ្នាដោយមានសំឡេង និងគំនិតតែមួយ។ លោកបានបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់និស្សិតទេវវិទ្យាល័យក្នុងការកសាងព្រះសហគមន៍នៅកម្ពុជា និងជាបទពិសោធន៍ថ្មីជាក់ស្តែងដើម្បីបំពេញចំណុចចន្លោះប្រហោងក្នុងការបម្រើបេសកកម្មនាពេលបច្ចុប្បន្ននិងអនាគត។ លោកឪពុក សំណាង ដែលបម្រើការងារនៅមណ្ឌលសកម្មភាពផ្លូវដ៍វិសុទ្ធ ក៏បានបន្ថែមថា ព្រះជាម្ចាស់បង្រៀនយើងឱ្យមានសេចក្តីក្លាហានក្នុងការបញ្ចេញមតិយោបល់ លើកជាសំណួរ និងចូលរួមពិភាក្សាជាមួយលោកបូជាចារ្យណែនាំដើម្បីជំរុញការរីកចម្រើនរបស់ព្រះសហគមន៍។
ចំណែកឯ អ្នកស្រី វង្ស សុខា ជាគ្រីស្តបរិស័ទ និងជាសិក្ខាកាមម្នាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីក្នុងការបង្កើតភាពក្លាហានដើម្បីចូលរួមពិភាក្សា លើកជាសំណួរ និងបញ្ចេញមតិយោបល់រួមគ្នា ដើម្បីឱ្យព្រះសហគមន៍កាន់តែមានជីវិតរស់រវើក។ អ្នកស្រីបានបញ្ជាក់បន្ថែមថា៖ «យើងជាគ្រីស្តបរិស័ទ យើងជឿលើព្រះជាម្ចាស់តែមួយ យើងជាបងប្អូន យើងជាព្រះសហគមន៍ដែលមានវត្តមានព្រះយេស៊ូប្រភពដើមនៃជំនឿរបស់យើង»។ ក្នុងនាមជាអ្នកណែនាំសិក្ខាសាលា លោកបូជាចារ្យ ទទិត្យ បានបង្ហាញក្តីរំពឹងទុកថា លោកឪពុក បងប្រុស បងស្រី និងបងប្អូនគ្រីស្តបរិស័ទទាំងអស់ នឹងពាំនាំយកនូវអ្វីដែលទទួលបានក្នុងថ្ងៃនេះទៅអនុវត្តនៅតាមទីកន្លែងរៀងៗខ្លួន ដើម្បីឆ្លុះបញ្ចាំងពីគម្រោងការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក ព្រមទាំងមានគម្រោងរៀបចំសិក្ខាសាលាបន្ថែមទៀតជូនបងប្អូនតាមក្រុងផ្សេងៗ ដើម្បីផ្សព្វផ្សាយស្មារតីស៊ីនុដាលីធីនេះក្នុងព្រះសហគមន៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ។
ដោយ ឆាក លាំង