គ្រីស្តបរិស័ទនៅហ្សាកាតានាំគ្នាធ្វើធម្មយាត្រារំលឹកខូប២១៩ឆ្នាំ ដើម្បីសុខដុមរមនាអន្តរជំនឿ
គ្រីស្តបរិស័ទនិងប្រជាជនឥណ្ឌូនេស៊ីជាច្រើននាក់បានចូលរួមកម្មវិធីធម្មយាត្រា ជាសាធារណៈតាមដងផ្លូវនៃកណ្តាលទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៩ ខែឧសភា ដើម្បីរំលឹកខួបលើកទី ២១៩ ឆ្នាំ នៃកម្មវិធីធម្មយាត្រា ដើម្បី បង្ហាញពីសាមគ្គីភាពនៅក្នុងចរន្តអន្តរជំនឿ និងការទទួលខុសត្រូវផ្នែកបរិស្ថាននៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអគ្នេយ៍។
ព្រឹត្តិការណ៍នេះបានរៀបចំធ្វើឡើងក្រោមប្រធានបទ "ភាពសុចរិតនៃការបង្កើត" ដែលបានប្រមូលផ្តុំគ្រីស្តបរិស័ទ កាតូលិក សមាជិកនៃសហគមន៍សាសនាផ្សេងទៀត មន្ត្រីរដ្ឋាភិបាល ក្រុមយុវជន និងអង្គការវប្បធម៌ ដើម្បីបង្ហាញនូវចរន្តនៃការឯកភាពដើម្បីសុខដុមនីយកម្មនៃសាសនា។
កម្មវិធីនេះមានការចូលរួមដោយលោកកាឌីណាល់ អ៊ីញ៉ាទ្យូស ស៊ូហាយ៉ូ (Ignatius Suharyo ) អគ្គអភិបាលនៃព្រះសហគមន៍នៅទីក្រុង ហ្សាកាតា លោក ណាហ្សារូឌីន អ៊ូម៉ា (Nazaruddin Umar) រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី តំណាងព្រះសហគមន៍មូស្លីម និង លោក ប្រាម៉ូណូ អូណូង (Pramono Anung )អភិបាលក្រុងហ្សាកាតា រួមជាមួយប្រជាជនរាប់ពាន់នាក់។
លោកស្រី ឌាមីយ៉ាណា គ្រីស្តបរិស័ទដែលចូលរួមកម្មវិធីនេះបាននិយាយថា ព្រឹត្តិការណ៍នេះបានបង្ហាញពីសាមគ្គីភាពដ៏រឹងមាំ និងឆ្លុះបញ្ចាំងពីស្មារតីនៃការអត់ឱនខាងសាសនានៅក្នុងទីក្រុងហ្សាកាតា។
លោកស្រីបាននិយាយថា កម្មវិធីនេះបានសង្កត់ធ្ងន់លើភាពសុខដុមរមនាក្នុងចំណោមសហគមន៍សាសនាហើយក៏ជាព្រឹត្តិការណ៍ លើកកម្ពស់ការយល់ដឹងអំពីបរិស្ថានតាមរយៈសកម្មភាពដូចជាការដាំដើមឈើផងដែរ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅវិហារនៅទីក្រុងហ្សាកាតា រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា បាននិយាយថា ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ីរក្សាបាននូវកម្រិតខ្ពស់នៃភាពសុខដុមរមនាខាងសាសនា។
លោកបានពិពណ៌នាអំពីទីក្រុងហ្សាកាតាថាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានសន្តិភាពបំផុតនៅអាស៊ីអាគ្នេយ៍ ហើយបានចង្អុលបង្ហាញពី «ផ្លូវរូងក្រោមដីនៃមិត្តភាព» ដែលភ្ជាប់វិហារអ៊ីស្លាមអ៊ីស្ទីក្លាល (Istiqlal) និងវិហារគ្រីស្តសាសនានៅហ្សាកាតា ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរសាសនា និងឯកភាពជាតិនៅឥណ្ឌូនេស៊ី។
លោក ប្រាម៉ូណូ អូណូង បានប្រើប្រាស់ឱកាសនេះដើម្បីអំពាវនាវដល់ព្រះវិហារ និងសហគមន៍កាតូលិកឱ្យគាំទ្រយុទ្ធនាការយល់ដឹងអំពី សំរាមរបស់ទីក្រុងហ្សាកាតា ខណៈដែលទីក្រុងកំពុងតស៊ូជាមួយនឹងបញ្ហាសំរាមកើនឡើង។
ទីក្រុងហ្សាកាតាកំពុងបន្សល់កាកសំណល់ចន្លោះពី ៧.៣០០ ទៅ ៨.០០០ តោនជារៀងរាល់ថ្ងៃ ហើយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងសហគមន៍សាសនា និងអាជ្ញាធរស៊ីវិលនឹងមានសារៈសំខាន់ក្នុងការលើកទឹកចិត្តដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន៕