គ្រីស្តបរិស័ទនៅកោះហ្រ្គីនឡែនថា កោះនេះមិនមែនសម្រាប់លក់ដូរឡើយ
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យ និង គ្រីស្តបរិស័ទនៅលើកោះហ្រ្គីនឡែនបានលើកឡើងថា លំនៅស្ថានរបស់ពួកគេ គឺ មិនមែនសម្រាប់លក់ទេ។
លោក តូម៉ាហ្ស ម៉ាសេន (Tomaž Majcen) បូជាចារ្យនៅព្រះសហគមន៍កាតូលិក Nuuk នៅលើកោះហ្រ្គីនឡែន បានមានប្រសាសន៍ថា ប្រជាជនហ្រ្គីនឡែនចង់បន្តជីវភាពរបស់ពួកគេជាប្រក្រតីនៅលើកោះនេះ ។
លោកបូជាចារ្យកំពុងតែគង្វាលព្រះសហគមន៍កាតូលិកតូចមួយនៅលើកោះអាកទិក នៅក្នុងតំបន់ដែលមានប្រជាជនប្រមាណជា ២ម៉ឺននាក់ បាននិយាយថា ប្រជាជននៅកោះអាកទិកនេះ ចង់គ្រប់គ្រងភាសា វប្បធម៌ និង ជំនឿរបស់ពួកគេផ្ទាល។
ហ្រ្គីនឡែនដែលមានប្រជាពលរដ្ឋសរុប ៥៦.០០០ នាក់ ឥឡូវនេះបានក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសកលលើធនធានរ៉ែដ៏កម្រ និងថាមពល ។
លោកបូជាចារ្យបាន មានប្រសាសន៍ថា បរិយាកាសនៅ Nuuk ឥឡូវនេះស្ងប់ស្ងាត់នៅលើផ្ទៃដី ប៉ុន្តែនៅខាងក្នុងចិត្តពលរដ្ឋកំពុងតែមានភាពតានតឹង៕