គ្រីស្តបរិស័ទកាតូលិកចិនរៃអង្គាសប្រាក់បានជាង ៦0.000 អឺរ៉ូជួយជនរងគ្រោះនៅទីបេ
វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រីស្តបរិស័ទជាសមាជិកនៃព្រះសហគមន៍កាតូលិកក្នុងប្រទេសចិនកំពុងរួមគ្នាដើម្បីប្រមូលអំណោយ ដើម្បីជួយមនុស្ស៥0.000 នាក់ដែលបានត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេនៅទីបេបន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវកាលពីថ្ងៃអង្គារ។
គ្រោះរញ្ជួយដីនោះត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយដែលបានវាយប្រហារតំបន់ហិម៉ាឡៃក្នុងរយៈពេល១០០ឆ្នាំ។
មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ចិនបានចុះបញ្ជីថា ការរញ្ជួយដីដែលបានវាយប្រហារតំបន់ ឌិងគ្រី (Dingri) និងតំបន់ ស៊ីនហ្គេត (Shigatse) នៅទីបេរបស់ប្រទេសចិនកាលពីថ្ងៃទី ៧ ខែមករា មានទំហំ រហូតដល់ទៅ ៧,១រ៉ិចទ័រ ហើយបានសម្លាប់មនុស្សជាង ១២០ នាក់ និងមាន៣៣០ នាក់បានរងរបួស ហើយមនុស្សប្រហែល ៥0.000 នាក់ត្រូវបានផ្លាស់ទីលំនៅ និងផ្ទះរាប់ម៉ឺនខ្នងត្រូវបានបំផ្លាញ ឬខូចខាត។
ក្នុងអំឡុងពេលសុន្ទរកថារបស់សម្តេចប៉ាបទៅកាន់អ្នកការទូតដែលទទួលស្គាល់ដោយសន្តអាសនៈ កាលពីថ្ងៃទី ៩ ខែមករា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានចូលរួមរំលែកទុក្ខ និងអធិដ្ឋានសម្រាប់ជនរងគ្រោះ ខណៈដែលមន្ត្រីចិនបាននិយាយថា មនុស្សជាង ៤00 នាក់នៅតែជាប់នៅក្រោមគំនរបាក់បែក។
ប្រជាជនទីបេរាប់រយនាក់ដែលរស់នៅនិរទេសក្នុងប្រទេសឥណ្ឌា និងនេប៉ាល់ ក៏បានបង្ហាញការគាំទ្ររបស់ពួកគេដោយកាន់ភ្លើងទៀនបំភ្លឺដល់អ្នកដែលបានបាត់បង់ជីវិត៕