គ្រាប់រាប់លានគ្រាប់ ត្រូវបានផ្តត់ផ្គង់ដោយសម្ងាត់បំផុតដោយ​កូរ៉េខាង​ជើង សម្រាប់រុស្ស៊ី

យោងតាមការស៊ើបអង្កេតមួយបានឲ្យដឹងថា រវាងឆ្នាំ២០២៣ និង២០២៥ ទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ច្រើនជាងពាក់កណ្តាល​នៃគ្រប់រំសេវ​ដែលត្រូវបានប្រើប្រាស់នៅ​លើសមរភូមិអ៊ុយក្រែន។

រថពាសដែកកូរ៉េខាងជើងដែលបន្តកន្ទុយរាប់រយគ្រឿងត្រូវបានដឹកនាំតាមរថភ្លើងលើចម្ងាយ​ផ្លូវរាប់ពាន់គីឡូម៉ែត្រ ដើម្បីបំពេញឃ្លាំងសព្វាវុធនៅប្រទេសរុស្ស៊ី។ ចាប់តាំងពីជិត ២០ខែ មក​ហើយ ទិដ្ឋភាពនេះគឺមានជាទូទៅនៅលើខ្សែផ្លូវដែករបស់រុស្ស៊ី។

យោងតាមការស៊ើបអង្កេតមួយដែលដឹកនាំដោយទីភ្នាក់ងារសារព័ត៌មានរ័យទ័រ និងសហការ ជាមួយអង្គភាពពិនិត្យ Open Source Center (OSC) បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង​នឹង​ផ្គត់ផ្គង់​ធនធានដែលចាំបាច់សម្រាប់កាំភ្លើងធំរុស្ស៊ីដើម្បីដឹកនាំសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន​ជាពិសេស គ្រាប់រាប់លានគ្រាប់។

ការផ្គត់ផ្គង់នេះដែលរួមទាំងមានការបញ្ជូនកងកម្លាំងកូរ៉េខាងជើង បានបង្កើតសារប្រយោជន៍​ដ៏សំខាន់សម្រាប់រុស្ស៊ី ដែលធ្វើឲ្យពួកគេអាចដណ្តើមយកទីក្រុងគូស្ក៍ បន្ទាប់ពីការវាយប្រហារ​ដណ្តើម​យកដោយអ៊ុយក្រែននៅខែសីហា ឆ្នាំ២០២៤។ នៅខណៈ​ដែលរុស្ស៊ីដឹកនាំ​សង្រ្គាម​បង្ហិន​បង្ហោច​ធនធានដែលអ៊ុយក្រែនលំបាកនឹងតាម ហើយកាន់តែលំបាក់នៅពេលអ៊ុយក្រែន​បាត់បង់​សម្ព័ន្ធមិត្តអាម៉េរិក ការស៊ើបអង្កេតក៏បង្ហាញអំពី​វិសាលភាពនៃការពឹងផ្អែករបស់ទីក្រុង​មូស្គូ​​ពីសំណាក់ការគាំទ្ររបស់កូរ៉េខាងជើង។

គឺចាប់តាំងពីការ​វាយទម្លុះរបស់អ៊ុយក្រែនទៅលើទីក្រុងគូស្ក៍ ភាគខាងលិចនៃប្រទេសរុស្ស៊ី ដែល​គេចាប់ផ្តើមឮនិយាយអំពីទាហានកូរ៉េខាងជើងនៅលើសមរភូមិ។ ជាសរុប​ ទីក្រុង​ព្យុងយ៉ាង បានបញ្ជូនទាហាន ១៤០០០នាក់ ដែលរួមមានការពង្រឹងកម្លាំង ៣០០០នាក់​បន្ថែម​មក​ជួយរុស្ស៊ី កាលពីពាក់កណ្តាលខែកុម្ភៈ។

យោងតាមព័ត៌មានដែលបានមកពីទាហានដែលទីក្រុងគៀវចាប់បាន បាន​ឲ្យ​ដឹងថា ទាហាន​កូរ៉េ​ខាងជើងត្រូវបានប្រើប្រាស់ជាកងអង្គភាពទទួលបន្ទុកវាយ​ប្រហារ​ទៅ​មុខ នៅខណៈ​ដែល​នៅពីក្រោយពួកគេ គឺកងអង្គភាពរបស់ទាហានសហព័ន្ធរុស្ស៊ី ដែលនៅពង្រឹងកម្លាំង និង​គ្រប់​គ្រង​ទីតាំង។

ជំនួយរបស់ទីក្រុងព្យុងយ៉ាងដទៃទៀត គឺជាការចាក់បញ្ចូលសព្វាវុធមកកាន់រុស្ស៊ី។ នៅរវាងខែ​កញ្ញា ឆ្នាំ២០២៣ និងខែមីនា ឆ្នាំ២០២៥ កុងតឺន័រ ជិត ១៦០០០ និងគ្រាប់រំសេវ​រាប់លាន​គ្រាប់​របស់​កូរ៉េខាងជើង បានមកដល់ទីតាំងសមរភូមិមុខដោយតាមក្បួនដឹកជញ្ជូនដ៏ច្រើន ទាំងតាម​ផ្លូវ​ទឹក និង​ផ្លូវដែក។  

ការស៊ើបអង្កេតឈលើមូលដ្ឋាននៃការដឹកជញ្ជូនតាមផ្លូវគោក ការសិក្សាអំពីរបាយការណ៍​កាំភ្លើង​​ធំរុស្ស៊ី រូបភាពតាមផ្កាយរណប បណ្តាញសង្គម ព្រមទាំងប្រភពពីយោធា​អ៊ុយក្រែនផង​ដែរ។ ”នាវានានាបានដឹក​ជញ្ជូនគ្រឿងសព្វាវុធរបស់​កូរ៉េ​ខាងជើង បានមកកាន់កំពង់ផែវ៉ូស្តូចនី និង​ឌូណៃ មុននឹងពួកវាត្រូវដឹកជញ្ជូនតាមរថភ្លើងឆ្ពោះមកកាន់ឃ្លាំងគ្រាប់នៅជិតប្រទេស​អ៊ុយក្រែន។”

លោកហូហ្វ ហ្គ្រ៊ីហ្វីត ដែលជាអ្នកឯកទេសដែលទទួលបន្ទុកតាមដានទណ្ឌកម្មប្រឆាំងនឹងកូរ៉េ​ខាង​ជើង​ប្រចាំនៅអង្គការសហប្រជាជាតិ រវាងឆ្នាំ២០១៤ និងឆ្នាំ២០១៩ បានធ្វើសង្ខេបថា ៖ “ប្រសិន​បើគ្មានការគាំ​ទ្រពីប្រធានាធិបតីគីម ជុងអ៊ុន ប្រធានាធិបតីវ៉្លាឌីមៀ ពូទីន នឹង​មិន​មាន​វិធី​ដឹកនាំសង្រ្គាមនៅអ៊ុយក្រែនទៀតឡើយ”។

សារព័ត៌មានរ័យទ័រ បានធ្វើសង្ខេបថា ចាប់តាំងពីឆ្នាំ២០២៣ នៅខណៈដែលជម្លោះនៅ​អ៊ុយក្រែន​​ប្រែក្លាយទៅជា​សង្រ្គាមដ៏បង្ហិនបង្ហោច ការបាញ់កាំភ្លើងធំ និងគ្រាប់ត្បាល់ បាន​ក្លាយ​ជា​ចាំបាច់ដើម្បីថែរក្សាដែនដី និងបណ្តេញសត្រូវចេញពីទីតាំងការពារ។

 

Daily Program

Livesteam thumbnail