គុយបា​ដោះលែងអ្នកទោសនយោបាយ ក្រោយបុរីវ៉ាទីកង់សម្របសម្រួល

ប្រទេសគុយបាបាន​ដោះលែងអ្នកទោសនយោបាយចំនួន៥៥៣នាក់ភ្លាមៗ បន្ទាប់ពីមានកិច្ចព្រមព្រៀងដែលបានសម្របសម្រួលដោយសន្តអាសនៈ​។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាការប្តេជ្ញាចិត្តរបស់គុយបា ដែលបានយល់ព្រម នៅក្នុងថ្ងៃចុងក្រោយនៃការកាន់តំណែងរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។

នៅមុនបញ្ចប់អណត្តិលោក ចូ បៃដិន បានសម្រេចដកគុយបាយចេញពីបញ្ជីខ្មៅនៃអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកជាថ្នូរនឹងកិច្ចព្រមព្រៀងឲ្យរដ្ឋាភិបាលគុយបាដោះលែងអ្នកទោសចំនួន៥៥៣។

កន្លងមកសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រះសហគមន៍កាតូលិក និងក្រុមសិទ្ធិមនុស្ស បានជំរុញគុយបា ដោះលែងអ្នកតវ៉ារាប់រយនាក់ដែលជាប់គុកបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងខែកក្កដា ឆ្នាំ ២០២១ ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៥៩ របស់​ លោក ហ្វីដែល កាស្រ្តូ (Fidel Castro)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីគុយបាលោក មីគែល ឌា កាណែល (Miguel Díaz-Canel ) បាននិយាយថា «វាជាផ្នែកមួយនៃទំនាក់ទំនងជិតស្និទ្ធនិងប្រកបដោយភាពរលូនជាមួយរដ្ឋវ៉ាទីកង់។ ខ្ញុំបានជូនដំណឹងដល់សម្តេចប៉ាប អំពីការសម្រេចចិត្តដោះលែងអ្នកទោស ដើម្បីចូលរួម​ក្នុងឆ្នាំ​ព្រះមហាករុណាទិគុណ​»។

កិច្ចព្រមព្រៀងនេះត្រូវបានលុបចោលដោយប្រធានាធិបតីអាមេរិកថ្មីត្រឹមតែ៦ថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ប៉ុន្តែអ្នកទោសនៅតែបន្ត​ដោះលែងជាបណ្តើរៗ។

កាលពីខែកុម្ភៈ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានហៅការដោះលែងអ្នកទោសគុយបាជាបណ្តើរៗថា «ជាសញ្ញានៃក្តីសង្ឃឹមដ៏អស្ចារ្យ» នៅដើមឆ្នាំនៃករុណាទិគុណ ហើយលោកបានសម្តែងក្តីសង្ឃឹមសម្រាប់ «កាយវិការនៃការគោរព» បន្ថែមទៀតពីសន្តអាសនៈ៕

Daily Program

Livesteam thumbnail