គម្រោង អេមស៍ ប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណង ចំនួន ១,៥ លានដុល្លារអាម៉េរិក ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់ផលិតផលមាន់ខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត ក្នុងឆ្នាំ២០២៦

គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) របស់ក្រសួងពាណិជ្ជកម្ម សូមធ្វើការប្រកាសបញ្ចេញហិរញ្ញប្បទានឥតសំណងចំនួន ១,៥ លានដុល្លារអាមេរិក ក្រោមមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ ច្រកទី១ របស់គម្រោង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងការតភ្ជាប់ទីផ្សារសម្រាប់កសិករខ្នាតតូច លើផលិតកម្មមាន់ខ្មែរ បន្លែសុវត្ថិភាព និងស្រូវប្រណីត នៅទូទាំងខេត្តគោលដៅទាំង ១៨ នៅក្នុងប្រទេសកម្ពុជា។

នេះជាការបញ្ចេញហិរញ្ញប្បទានថ្មីបន្ថែម បន្ទាប់ពីគម្រោងទទួលបានលទ្ធផលជាវិជ្ជមានពីការបញ្ចេញហិរញ្ញប្បទានឥតសំណងក្នុងឆ្នាំ២០២៥ ជិត ១លានដុល្លារអាម៉េរិក ដែលគាំទ្រដល់គ្រួសារកសិករខ្នាតតូចនៅជនបទចំនួន ៦៨៦គ្រួសារ ដើម្បីសាកល្បងបច្ចេកវិទ្យា និងការអនុវត្តនានាក្នុងផលិតកម្មជាលក្ខណៈអាជីវកម្ម សម្រាប់ផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព។ សម្រាប់ហិរញ្ញប្បទានក្នុងឆ្នាំ ២០២៦ នេះ នឹងធ្វើការគាំទ្រដល់កសិករខ្នាតតូចចំនួន ១៤០០ គ្រួសារ បន្ថែមទៀត ឱ្យទទួលយកបច្ចេកវិទ្យា និងការអនុវត្តផលិតកម្មលក្ខណៈអាជីវកម្ម ដែលអនុវត្តបានជោគជ័យកាលពីឆ្នាំកន្លងទៅនេះ។ បន្ថែមពីលើផលិតផលមាន់ខ្មែរ និងបន្លែសុវត្ថិភាព ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់ខ្សែច្រវាក់តម្លៃស្រូវប្រណីតផងដែរ។

អេមស៍ គឺជាគម្រោងអនុវត្តដោយក្រសួងពាណិជ្ជកម្ម ក្រោមសហហិរញ្ញប្បទាន ដោយរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD)។ គម្រោងមានគោលដៅ លើកស្ទួយវិបុលភាពកសិករខ្នាតតូចនៅកម្ពុជា តាមរយៈការបង្កើនផលចំណេញ ដោយផ្សារភ្ជាប់ផលិតផល កសិពាណិជ្ជកម្ម និងទីផ្សារ។

 ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការផ្តោតការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង អេមស៍ ក្នុងការជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាប័ន្នសម្រាប់កសិករខ្នាតតូច ដោយកាត់បន្ថយហានិភ័យវិនិយោគរបស់ពួកគាត់ និងលើកកម្ពស់ដំណោះស្រាយជាក់ស្តែង ដែលផ្តោតលើទីផ្សារ។

លោក អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោង អេមស៍ បានមានប្រសាសន៍ថា ៖

«ហិរញ្ញប្បទានឥតសំណងថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការជំរុញការអភិវឌ្ឍទីផ្សារប្រកបដោយបរិយាបន្នសម្រាប់កសិករខ្នាតតូច។ តាមរយៈការកាត់បន្ថយហានិភ័យលើការវិនិយោគ និងលើកម្ពស់ការអនុវត្តដំណោះស្រាយជាក់ស្តែងដែលផ្តោតលើទីផ្សារ យើងកំពុងផ្តល់លទ្ធភាពដល់កសិករខ្នាតតូច ជាពិសេសស្ត្រី និងកសិករក្រីក្រ ឱ្យទទួលយកបច្ចេកវិទ្យាដែលមានភាពប្រសើរ បង្កើនផលិតភាពនៃការផលិតរបស់ពួកគាត់ និងពង្រឹងទំនាក់ទំនងរបស់ពួកគាត់ជាមួយទីផ្សារដែលអាចទុកចិត្តបាន»។

ការគាំទ្រថ្មីនេះ កើតឡើងស្របពេលនៃការប្រារព្វភាពជាដៃគូយូរអង្វែងរបស់ IFAD ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយវាក៏បានបង្ហាញពីតម្លៃនៃការវិនិយោគប្រកបដោយចីរភាព លើដំណោះស្រាយដែលជួយកសិករខ្នាតតូចនៅជនបទ ឱ្យបានចូលរួមកាន់តែមានប្រសិទ្ធភាពនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ស្របពេលជាមួយគ្នា ក៏ជួយពង្រឹងភាពធន់ និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់ពួកគាត់ផងដែរ។

លោក Frew Behabtu នាយកប្រចាំប្រទេស និងជាតំណាង IFAD នៅកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ចំពេលដែល IFAD និងកម្ពុជា ប្រារព្ធខួបលើកទី៣០ឆ្នាំ នៃភាពជាដៃគូនៅឆ្នាំនេះ ហិរញ្ញប្បទាននេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តវិនិយោគលើដំណោះស្រាយដែលជួយកសិករខ្នាតតូចនៅជនបទ ឱ្យសម្រេចបាននូវការធ្វើសមាហរណកម្មទីផ្សារកាន់តែស៊ីជម្រៅ ពង្រីកការងារនៅជនបទ និងពង្រឹងភាពធន់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការយកចិត្តទុកដាក់ចំពោះស្ត្រី និងក្រុមដែលប្រឈមនឹងហានិភ័យត្រូវបានគេទុកចោល»។

តាមរយៈមូលនិធិនវានុវត្តន៍ខ្សែច្រវាក់តម្លៃ (ហិរញ្ញប្បទានឥតសំណង) គម្រោង អេមស៍ បានកាត់បន្ថយឧបសគ្គហិរញ្ញវត្ថុដែលកសិករខ្នាតតូចជួបប្រទះក្នុងការអនុវត្តបច្ចេកវិទ្យាបង្កើនផលិតភាព និងបំពេញតាមស្តង់ដារទីផ្សារ។ តាមរយៈការប្រើប្រាស់ «អ្នកហ៊ានសាកល្បងមុនគេ»​ ដើម្បីបង្កើតជាគំរូអាជីវកម្មដែលជោគជ័យ វាបានជំរុញលើកទឹកចិត្តដល់កសិករដទៃឱ្យទទួលយក និងអនុវត្តតាមកាន់តែទូលំទូលាយ ដោយគ្មានការឧបត្ថម្ភធនក្នុងរយៈពេលវែង ហើយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយបរិយាបន្ន និងមានចីរភាព។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ គម្រោង អេមស៍ បានបញ្ចេញហិរញ្ញប្បទានឥតសំណង ច្រកទី១ សរុប ៦,២១ លានដុល្លារអាម៉េរិក ដែលគាំទ្រដល់សិករខ្នាតតូចសរុបចំនួន ៥ ២៧១ គ្រួសារ នៅទូទាំងប្រទេស ចាប់តាំងពីគម្រោងបានចាប់ផ្តើមដំណើរការមក។ ការវិនិយោគទាំងនេះ គឺបានផ្តោតលើផលិតផលដែលរងផលប៉ះពាល់ខ្លាំង ជាពិសេសការផលិតបន្លែសុវត្ថិភាព មាន់ស្រែ និងមាន់ខ្មែរ និងគ្រាប់ពូជស្រូវ។ ហិរញ្ញប្បទានឥតសំណងសម្រាប់ផលិផលបន្លែបានជួយគាំទ្រដល់កសិករក្នុងការសាងសង់ប្រព័ន្ធដាំបន្លែក្នុងផ្ទះសំណាញ់ និងជួយកសិករចិញ្ចឹមមាន់ក្នុងការអនុវត្តតាមគំរូអាជីវកម្មដោយផ្អែកលើកញ្ចប់បច្ចេកទេស ដែលជួយឱ្យពួកគាត់អាចកែលម្អផលិតភាព គ្រប់គ្រងហានិភ័យ និងអាចបំពេញតាមស្តង់ដារទីផ្សារបាន៕

 

 

Daily Program

Livesteam thumbnail