គម្រោងបរិស្ថាន JSC ផ្តល់និងដាំកូនឈើនួន ១០០ ដើម នៅកំពត ដើម្បីអបអរបុណ្យរុក្ខទិវា រំលឹកសារសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

ខេត្តកំពត៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ – គម្រោងបរិស្ថាននៃអង្គការ JSC បានរៀបចំកាតដាំកូនឈើដ៏មានអត្ថន័យមួយ ដោយបានផ្តល់និងដាំកូនឈើនួនចំនួន ១០០ ដើម ដល់សាលាមត្តេយ្យសន្តម៉ារីត្រពាំងរុន ដែលមានទីតាំងនៅភូមិខ្ពប ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីព្រះសហគមន៍កាតូលិកសន្តប៉ូលកោះស្លា ដោយមានអ្នកចូលរួមសរុបចំនួន ៤០ នាក់ ណែនាំដោយលោកបូជាចរ្យ ប៊ុន លី។
សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ដែលជាថ្ងៃដ៏សំខាន់មួយក្នុងការលើកកម្ពស់ការស្រឡាញ់បរិស្ថាន និងការដាំដុះដើមឈើដើម្បីបរិស្ថានបៃតង។ ការដាំកូនឈើនួនទាំង ១០០ ដើមនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគម្របបៃតងនៅក្នុងបរិវេណសាលា និងព្រះសហគមន៍ ព្រមទាំងផ្តល់ម្លប់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសហគមន៍ទាំងមូល។
កញ្ញា ប៉ាញ ចិន្តាតំណាងគម្រោងបរិស្ថាន JSC បានលើកឡើងថា ការចូលរួមរបស់សាលាមត្តេយ្យ និងព្រះសហគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថានដល់កុមារតាំងពីវ័យក្មេង និងពង្រឹងការយល់ដឹងអំពីសារៈប្រយោជន៍នៃដើមឈើ។ ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ក៏បានបង្ហាញពីក្តីសប្បាយរីករាយ និងប្តេជ្ញាចិត្តថានឹងថែរក្សាកូនឈើទាំងនេះឲ្យបានល្អ ដើម្បីធានានូវការលូតលាស់របស់វា។
ព្រឹត្តិការណ៍នេះក៏បានឆ្លុះបញ្ចាំងពីសាររបស់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលតែងតែទទូចឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ "ផ្ទះរួមរបស់យើង" (Our Common Home) ផែនដីនេះ។ សម្តេចប៉ាបបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃ ការថែរក្សាធម្មជាតិ និងការទទួលខុសត្រូវរបស់យើងម្នាក់ៗក្នុងការការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។ ព្រះអង្គបានមានបន្ទូលថា "យើងទាំងអស់គ្នាមានភារកិច្ចជាបន្ទាន់ក្នុងការការពារផ្ទះរួមរបស់យើង និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅរបស់យើង"។ សាររបស់សម្តេចប៉ាបបានជំរុញទឹកចិត្តយ៉ាងខ្លាំងក្លាដល់អ្នកចូលរួមឲ្យបន្តចូលរួមចំណែកក្នុងការអភិរក្សបរិស្ថាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការដាំកូនឈើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីកិច្ចសហការល្អរវាងអង្គការ JSC សាលារៀន និងសហគមន៍ ក្នុងការរួមចំណែកអភិវឌ្ឍន៍បរិស្ថាន និងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិសម្រាប់អនាគត៕




Daily Program
