គណិតវិទ្យារបស់ព្រះជាម្ចាស់​ខុស​ពី​មនុស្សលោក

«គណិតវិទ្យារបស់ព្រះជាម្ចាស់ ១ + ០ = គឺសូន្យ» នេះជាពាក្យទូន្មានក្នុងធម្មទេសនារបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីថ្វាយអភិបូជាអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន កូរ៉េ វៀតណាម នៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ក្នុងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ ដែលមានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។

ក្នុងធម្មទេសនា​ដែលស្តីអំពី​ប្រាក់ណែន ​លោកអភិបាល​អូលីវីយ៉េ ​មានប្រសាសន៍ថា ព្រះអំណោយទាន​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​​ខុស​ៗគ្នា អ្នក​ទទួលបាន​ច្រើន​ត្រូវ​ប្រើឲ្យ​ច្រើន ហើយ​អ្នក​ទទួល​តិច​ធ្វើ​តាម​តិច ដោយ​បាន​សង្កត់ធ្ងន់ឲ្យ​គ្រីស្តបរិស័ទចេះទទួលខុសត្រូវខ្ពស់ចំពោះព្រះអំណោយទាន កិច្ចការងារ និងតួនាទីរបស់ខ្លួនទាំងនោះ​ ដោយ​ត្រូវយកចិត្តទុកដាក់និងធ្វើ «អស់ពីសមត្ថភាព អស់ពីសេចក្តីស្រឡាញ់ អស់ពីជំនឿ អស់ពីកម្លាំងកាយកម្លាំងចិត្ត» នៅក្នុងគ្រប់វិស័យទាំងអស់។

លោកអភិបាល​បាន​រំលឹកថា ប្រសិន​បើ​ធ្វើ​អស់​ពី​សមត្ថភាព​ នោះ​ព្រះជាម្ចាស់នឹង​លើក​តម្កើង​ ប៉ុន្តែ​បើ​គ្មានការរីកចម្រើន​ទេ «១+០=០» នោះមានន័យថា ព្រះជាម្ចាស់​មើលឃើញ​សញ្ញាសម្គាល់ «​អ្នកដែលគ្មានចិត្ត​ស្មោះ អ្នកខ្ជិល អ្នកមិនយកចិត្តទុកដាក់​បម្រើ​និង​ស្រឡាញ់»។

លោកអភិបាលបន្ថែមលើ​សារលិខិត​របស់​សម្តេចប៉ាប​ឡេអូទី១៤ ដោយ​រំលឹកឲ្យគ្រីស្តបរិស័ទ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ស្តាប់​អ្នកដទៃ​ដែលមាន​ទុក្ខលំបាក ឲ្យចេះ​តម​ ​រួមមាន​ «​តម​និយាយ​ដើម​គេ តមការរិះគន់គេ តម​កុំ​ឲ្យ​គេ​ធ្លាក់ទឹកចិត្តដោយសារ​អណ្តាត​របស់យើង» និង​ឲ្យយើង​យកចិត្ត​ទុកដាក់​ជា​គ្រីស្តបរិស័ទថ្មីដែល​រួម​ដំណើរ​ជាមួយ​ ​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ឲ្យយើង​ទៅជាអ្នកបម្រើ ដែលព្រះជាម្ចាស់​ឲ្យរង្វាន់ ដោយសារព្រះជាម្ចាស់​ពេញចិត្ត​ចំពោះ​យើង។

ក្នុងឱកាស​ឆ្នាំថ្មីនេះ លោក​អភិបាល​សូម​ព្រះជាម្ចាស់​ប្រទានពរ​ឲ្យ​គ្រីស្តបរិស័ទ​មាន​សុខភាពល្អ ជំនឿ​រឹងមាំ និង​មានកម្លាំងកាយចិត្ត​ដើម្បីធ្វើ​ជា​គ្រីស្តបរិស័ទ​តាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់​។

បន្ទាប់ពីអភិបូជា មានកម្មវិធីអបអរឆ្នាំថ្មី ដោយមានពិធីចាក់ស្រាជូនពរ និងការសម្តែងមុងសាយ ក្រោយមកលោកអភិបាលបានចែកអាំងប៉ាវដល់គ្រីស្តបរិស័ទម្នាក់ៗ៕

 

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail