គណបក្សកម្លាំងជាតិ ដាក់លិខិត​ជូននាយករដ្ឋមន្រ្តី​សុំជួយអន្តរាគមន៍​ ដល់​ពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីដោយការសាងសង់ព្រលានយន្តហោះថ្មី​

គណបក្សកម្លាំងជាតិ​ បានដាក់លិខិតជូន​ប្រមុខរាជរដ្ឋាភិបាល​ ស្នើសុំជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសំណង​ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីដោយការសាងសង់ព្រលានយន្តហោះថ្មី​ នៅឃុំបឹងខ្យាង​ និងឃុំអំពៅព្រៃ​ ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល។

ការ​ដាក់លិខិត​ស្នើ​សុំអន្តរាគមន៍របស់​​គណបក្សកម្លាំងជាតិ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ជាង​៤៥០គ្រួសារ មកពីឃុំចំនួនន​៣ គឺឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែល​រងផលប៉ះពាល់​ដីធ្លី​ដោយ​សារការសាងសង់ព្រលានយន្តហោះថ្មី​។​​

យោងតាមលិខិត​ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចុះហត្ថលេខាដោយលោក ជា មុនី ប្រធានស្តីទីគណបក្ស​កម្លាំងជាតិ នាថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា ​ប្រជាពលរដ្ឋ​សរុបចំនួន ៤៥៣ គ្រួសារបានរង​ផលប៉ះពាល់​ក្នុង​ករណីវិវាទដីធ្លី។

​ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋទាំងនេះ មាននៅក្នុង​ឃុំបឹងខ្យាង និងឃុំព្រែកស្លែង ចំនួន ៣៩គ្រួ​សា​រ មានផ្ទៃដីសរុបចំនួនប្រមាណជា ១៦១ ៨៥៩ ម៉ែត្រការ៉េ និងឃុំអំពៅព្រៃចំនួន ៤១៤គ្រួសារ មានផ្ទៃ ដីសរុបចំនួនប្រមាណជា ៨៣ហិចតា នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

 លោក ជា មុនី បានលើកឡើងទៀតថា ប្រជាពលរដ្ឋ​រងផលប៉ះពាល់ដោយការសាងសង់ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC និងCAIC មានរយៈពេល៥ឆ្នាំមកនេះ ដោយក្រុមហ៊ុននៅមិនទាន់បានដោះស្រាយ ជាសំណងជូនប្រជាពលរដ្ឋនៅឡើយ ដែលបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរយគ្រួសារបា​នបាត់បង់ដីស្រែចម្ការ និងដឹ លំនៅឋាន ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបញ្ហាប្រ​ឈមជាច្រើនទៀត។

លោកបានបញ្ជាក់ថា ៖ «គណបក្ស កម្លាំងជាតិ យល់ឃើញថា ប្រសិនបើជម្លោះនេះ នៅតែអូសបន្លា​យកាន់តែយូរ នោះនឹងធ្វើឱ្យប៉ះ ពាល់ដល់មុខមាត់ កិត្តិយសរបស់រាជរដ្ឋាភិបាល និងអាចធ្វើឱ្យបញ្ហាកាន់តែរីករាលកាន់តែធំឡើងៗ ព្រមទាំងប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរយៈពេលវែងទៀតផង»។

ដើម្បីដោះស្រាយវិបត្តិនេះ ឆ្ពោះទៅយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា គណបក្ស កម្លាំងជាតិ ស្នើសុំ ស​ម្ដេច​មហាបថរធិបតី មេត្តាចាត់វិធានការពន្លឿនក្នុងការដោះស្រាយ ដោយផ្តល់នូវសំណងសមរម្យតាមតម្លៃទីផ្សារ ឱ្យបានឆាប់រហ័ស ព្រោះពួកគាត់កំពុងប្រឈមបញ្ហាបន្ទាន់ចំពោះមុខគឺការផ្គត់ ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង់ធនាគារជាចាំបាច់។ នេះបើតាម​ការលើកឡើងបន្ថែមពីលោក ជា មុនី។​

​​តំណាងប្រជាពលរដ្ឋទាំងពីរឃុំ គឺឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ បានបានដាក់លិខិត​ជូនគណបក្សកម្លាំងជាតិ​ជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ក្នុងសហគមន៍ ដែលក្រុមហ៊ុនOCIC និងCAIC ដែលជាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី បានឈូសឆាយ រំលោភយកដីធ្លី ប្លង់រឹងស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលពុំទាន់បានដោះស្រាយ និងយល់ព្រមពីប្រជាពលរដ្ឋនៅឡើយ ដោយទីផ្សារបច្ចុប្បន្នទិញចន្លោះ ពី៤០-៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ ហើយក្រុមហ៊ុនបានទិញ ត្រឹមតែ ៨ ដុល្លារ ក្នុង១ម៉ែត្រការ៉េ តែប៉ុណ្ណោះ។

​តំណាងគ្រួសារទាំងនេះ បានបន្តបញ្ជាក់ថា ៖ «ដូច្នេះយើងខ្ញុំទាំងអស់គ្នាពុំអាចទទួលយកបានទេ ដោយសារតែតម្លៃទីផ្សារដីខាងក្រៅព្រលានថ្លៃជាងពុំអាចទិញ ឬដោះដូស្មើរដើមបានឡើយ»។

សូមរម្លឹកផងដែរថា អាកាស​យាន​ដ្ឋានអន្តរជាតិតេជោសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឱ្យដំណើរការនៅ​ឆមាស​ទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕

Daily Program

Livesteam thumbnail