.ខែកុម្ភៈសម្តេចប៉ាបផ្តោតការអធិដ្ឋានសម្រាប់ជំងឺដែលនាំឲ្យសុខភាពមនុស្សទ្រុឌទ្រោម
កម្មវិធីអប់រំជំនឿនិងអធិដ្ឋានសម្រាប់ខែកុម្ភៈឆ្នាំ២០២៤ របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានផ្សព្វផ្សាយ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីអធិដ្ឋាននិងអប់រំជំនឿដែលសម្តេចប៉ាបនឹងយកចិត្តទុកដាក់សម្រាប់ខែកុម្ភៈនេះគឺផ្តោតនៅលើជំងឺដែលមិនមានថ្នាំព្យាបាលហើយបានធ្វើឲ្យសុខភាពកាន់តែទ្រុឌទ្រោមទៅរហូតដល់អស់ជីវិត ដូចជាជំងឺមហារីក និង ជំងឺខ្សោយសរីរាង្គ ជាដើម ។
ប្រភពដដែលបានបន្តថា សម្តេចប៉ាបបានកំណត់គោលដៅអធិដ្ឋាននៅក្នុងខែកុម្ភៈបែប នេះគឺដោយសារតែថ្ងៃទី១១ ខែកុម្ភៈ គឺជាថ្ងៃដែលពិភពលោកនិងព្រះសហគមន៍កាតូលិករៀបចំទិវាអ្នកជំងឺពិភពលោក។
នៅក្នុងឱកាសនោះដែរ សម្តេចប៉ាបក៏មានមានបន្ទូលពាក់ព័ន្ធនឹងពាក្យពីរដែលកំពុងតែបង្ករអោយមានការច្រឡំ ពោលគឺ ជំងឺដែលមិនអាចព្យាបាលបាន និង អ្នកជំងឺដែលគេមិនព្យាបាល។