ខួប១៧ឆ្នាំថ្ងៃចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រះមហាក្សត្រ កោតសរសើរកូនខ្មែរទាំងអស់ដែល ថែរក្សា ការពារប្រាសាទបានល្អ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥)។ ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ កោតសរសើរកូនខ្មែរទាំងអស់ដែល ថែរក្សា ការពារប្រាសាទបានល្អ។

យោងតាមព្រះរាជសារ ព្រះមហាក្សត្រ បានសម្តែងការ កោតសរសើរយ៉ាងស្មោះអស់ពីព្រះទ័យ ចំពោះការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ជាសម្បត្តិវប្បធម៌ជាតិផង និង ជាបេតិកភណ្ឌពិភពលោកផង។ ព្រះអង្គបានសង្កត់ធ្ងន់ថា ការចុះបញ្ជីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និង អភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្ស និង ប្រកបដោយចីរភាពនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានសម្តែងនូវកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះរាជតម្រិះរបស់ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះទ័យទុកដាក់ជានិច្ចក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ថ្លែងកោតសរសើរ និង អរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជាតិកម្ពុជាទាំងអស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេច ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចការអភិរក្ស។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងការគាំទ្រយ៉ាងខ្លាំងចំពោះអាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC/PREAH VIHEAR) ដែលដឹកនាំដោយសហប្រធានមកពីសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការទាំងអស់៕

Daily Program

Livesteam thumbnail