ក្រុមគ្រូពេទ្យកាតូលិកកូរ៉េ ពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង ដោយឥតគិតថ្លៃ
ព្រះសហគមន៍កាតូលិកនៅកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យ និងនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យកាតូលិកប៊ូសាននៃសាធារណរដ្ឋកូរ៉េ បានររៀបចំកម្មវិធីពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពសង្កាត់តាកោ នាទីរួមខេត្តព្រៃវែង កាលពីថ្ងៃទី២ ខែកក្កដាកន្លងទៅនេះ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង រួមនឹងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនទៀត។
លោកអភិបាល សិលា សួន ហង្សលី បានថ្លែងថា ទោះបីសង្គមជឿនលឿនយ៉ាងណា ក៏ពិភពលោកនេះនៅតែមានការលំបាកជាច្រើន ហើយការលំបាកទាំងនោះ អាចបណ្តាលមកពីសុខភាពមិនល្អ បញ្ហាជីវភាពក្រីក្រ និងកត្តាជាច្រើនទៀតដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃ។
លោកបានបន្តថា ៖ «សកម្មភាពទាំងឡាយដែលយើងធ្វើនាថ្ងៃនេះ នឹងមានដំណើរការល្អ និងទទួលបាននូវលទ្ធផលដ៏ជាទីគាប់ចិត្ត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋយើង»។
លោកបន្តទៀតថា កម្មវិធីនេះអាចដំណើរការទៅបានដោយសារមានកិច្ចសហប្រតិបត្តិការពីអាជ្ញាធរតាំងពីថ្នាក់ខេត្ត រហូតដល់ភូមិ។ លោកអភិបាលក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងសហការនេះ ដើម្បីឲ្យកម្មវិធីកើតមានឡើង។
ការពិនិត្យសុខភាពនេះ ធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ដែលមានគ្រូពេទ្យជំនាញ ៤នាក់ លោកគ្រូ អ្នកគ្រូខាងសាលាប៊ូសានចំនួន១៦នាក់ និស្សិតស្ម័គ្រចិត្តចំនួន៤០នាក់ ដែលដឹកនាំដោយ លោក ឈែ សុងមីន នាយកកិច្ចកានិស្សិតនៃសាកលវិទ្យាល័យប៊ូសាន។
ក្នុងឱកាសនោះដែរ លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្តព្រៃវែង បានស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យកាតូលិកប៊ូសាន ដែលបានពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលពួកគេអាចពិនិត្យនិងព្យាបាលជំងឺ និងទទួលបាននូវសុខភាពល្អប្រសើរ។
តាមការគ្រោងទុក ក្រុមគ្រូពេទ្យនឹងពិនិត្យជំងឺជូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែងនៅមណ្ឌលសុខភាពសង្កាត់តាកោ ប្រមាណជាង៤០០នាក់។ ក្រុមនិស្សិតក៏មានសកម្មភាពមួយចំនួនទៀត នៅតាមសាលារៀននៅក្នុងខេត្តព្រៃវែង ដូចជា៖ ការលាបថ្នាំបណ្ណាល័យ ការដឹកនាំកុមារលេងល្បែងកំសាន្ត ព្រមទាំងជូនកាដូដល់កុមារ ជាពិសេសការអប់រំអំពីសុខភាពស្ត្រីដល់សិស្សនារីៗផងដែរ។
លោក ឈែ សុងមីន នាយកកិច្ចកានិស្សិតនៃសាកលវិទ្យាល័យប៊ូសាន បានថ្លែងថា ពេលមកធ្វើសកម្មភាពនៅក្រុងព្រៃវែងនេះ មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ ដោយសាររាល់ពេលទៅមើលកូនសិស្ស ប្រជាជនក្នុងក្រុងព្រៃវែង។
លោកបន្តថា ក្រុមគ្រូពេទ្យមកពិនិត្យជំងឺដល់ប្រជាពលរដ្ឋនេះមានតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែតាមរយៈសកម្មភាពទាំងនេះបង្ហាញនូវសេចក្តីស្រលាញ់រវាងគ្នាទៅវិញទៅមក។
លោកបានមានប្រសាសន៍ថា ៖ «វាជាឱកាសមួយដ៏ល្អ មួយវិញទៀតវាមិនមែនធ្វើតែម្តងក្នុងពេលនេះទេ តែត្រូវបន្តធ្វើជាមួយគ្នានៅពេលក្រោយទៀត។ ខ្ញុំសប្បាយចិត្តមែនទែន ដោយសារនៅពេលដែលបានឃើញកូនសិស្ស និងប្រជាជននៅខេត្តព្រៃវែង ពួកគេមានទឹកមុខស្រស់ថ្លា និងធ្វើឱ្យខ្ញុំមានអារម្មណ៍ល្អ មានក្តីសុខ»។
លោកបន្ថែមថា តាមរយៈសកម្មភាពនេះ លោកចង់ឲ្យនិស្សិតមានចិត្តទូលំទូលាយកាន់តែច្រើនជាង មិនមែនតែលើកនេះទេ រាល់ពេលមានឱកាស ពេលចេញទៅប្រទេសក្រៅ ពេលចូលរួមសកម្មភាពផ្សេងទៀតផងដែរ។
លោក ហ៊ីន ចន អាយុ ៦៥ ឆ្នាំ ដែលបានមកពិនិត្យសុខភាព បានប្រាប់ឱ្យដឹងថា លោកទទួលបានថ្នាំមួយចំនួនសម្រាប់លេប ព្យាបាលជំងឹចុកពីចង្កេះទៅជើង។
លោកថា លោកពិតជាអរគុណដល់ក្រុមគ្រូពេទ្យកូរ៉េដែលបានមកពិនិត្យ និងចែកថ្នាំដល់រូបលោក និងប្រជាពលរដ្ឋផ្សេងទៀត៕
ដោយ៖ ម៉េង ភីឡុង