ក្រុមឧទ្ទាម M23 ប្រកាសថាពួកគេចង់​ដណ្តើមយក​រដ្ឋធានី​គិនសាសា

ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរ៉ូវ៉ាន់ដា ដែលដណ្តើមបានទីក្រុងដ៏ធំបំផុតរបស់កុងហ្គោភាគខាងកើតបាននិយាយថា ពួកគេចង់ដណ្តើមយករដ្ឋធានី គិនសាសា (Kinshasa) របស់ប្រទេសសាធារណៈប្រជាធិបតេយ្យកុងហ្គោ។

បន្ទាប់​ពី​ដណ្តើម​បានទឹកដី​ភាគ​ច្រើន​នៃ​ទីក្រុង ហ្គោម៉ា ក្រុម​ឧទ្ទាម M23 ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​រុល​ទៅ​កាន់​ទី​រួម​ខេត្ត បាកាវូ ( Bukavu) ខាង​ត្បូង គីវូ (Kivu )ដែល​បង្ក​​ឲ្យ​ភ័យ​ខ្លាច និង​ភ័យ​ស្លន់​ស្លោ​ក្នុង​ចំណោម​អ្នក​ស្រុក។

ភាពតានតឹងនៅអាហ្រ្វិកកណ្តាលកំពុងកើនឡើង ខណៈដែលប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោអំពាវនាវឱ្យ​ចល័តយោធាទ្រង់ទ្រាយធំ​ដើម្បីទប់ទល់នឹងការបះបោរ ហើយរដ្ឋមន្ត្រីការពារជាតិរបស់គាត់បដិសេធការអំពាវនាវឱ្យមានការចរចា។

នៅពេលនេះក្រសួងការពារជាតិរបស់ប្រទេសនេះបានប្តេជ្ញាថា នឹងនៅប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមជាជាងចូលចរចា ក្រោយពេលដែលក្រុមឧទ្ទាម បានកាន់កាប់ទីក្រុង ហ្គោម៉ាដែលជាទីក្រុងមានពលរដ្ឋជាង ៦លាននាក់។

ដោយមានការគាំទ្រដោយប្រទេសជិតខាង រ៉ូវ៉ាន់ដា ក្រុមឧទ្ទាម​កំពុងបន្តការវាយប្រហាររបស់ពួកគេ ដើម្បីឈានទៅកាន់កាប់លើខេត្ត គីវូ ខាងត្បូង ដែលមានទីតាំងជាប់នឹងហ្គោម៉ា ហើយ​បាននិយាយថា ពួកគេនឹងបើកចំហសម្រាប់ការសន្ទនាជាមួយរដ្ឋាភិបាល ដែលស្នើឡើងដោយប្លុកតំបន់អាហ្វ្រិកខាងកើតដែលរ៉ូវ៉ាន់ដាក៏​ជាសមាជិកផងដែរ។

ទន្ទឹមនឹងនេះ មេដឹកនាំប្រទេស រ៉ូវ៉ាន់ដា គឺលោក ប៉ូល កាហ្គេម ( Paul Kagame )បាននិយាយថា លោកបាននិយាយជាមួយប្រធានាធិបតីអង់ហ្គោឡា លោក ចូអាវ ឡូរ៉េនកូ ( Joao Lourenco) ដែលជាអ្នកសម្រុះសម្រួលក្នុងជម្លោះ ដែលបានជួបជាមួយមេដឹកនាំ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមួយថ្ងៃមុននេះ ហើយមេដឹកនាំទាំងពីរបានប្តេជ្ញាធ្វើការជាមួយប្រទេសអាហ្វ្រិកផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះ៕

Daily Program

Livesteam thumbnail