ក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៦ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តចំនួន៣ ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ នាព្រឹកនេះ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៦ប្រទេសដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៣ក្នុងនោះ ដូចជាបាត់ដំបង បន្ទាយមានជ័យ និងខេត្ដព្រះវិហារ។
ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម ដែលមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា៖ទិសដៅ១- ខេត្តបាត់ដំបង « យោធភូមិភាគទី៥ » ២-ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ « ភូមិជោគជ័យ » និងច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ « ច្រកព្រំដែនអានសេះ » ។
លោកស្រីឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា កម្ពុជាសូមគូសបញ្ជាក់សារជាថ្មីនឹងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ មានអ្នកសង្កេតការណ៍ទាំង៣ប្រទេសចូលរួមផងដែរ៕




Daily Program
