ក្រុមអត្តពលិករបស់សន្តអាសនៈជិះកង់ដើម្បីកុមារនៅមន្ទីរពេទ្យបាមប៊ីណូ ជេស៊ូ
ក្រុមអត្តពលិកកីឡាប្រណាំងកង់របស់សន្តអាសនៈថ្មីៗនេះបាននាំគ្នាជិះកង់៣៥គីឡូម៉ែត្រដើម្បីបង្ហាញនូវភាតរភាពនិងសាមគ្គីភាពចំពោះកុមារដែលរងគ្រោះដោយសង្រ្គាមជាពិសេសគឺកំពុងសម្រាកនៅមន្ទីរពេទ្យ បាមប៊ីណូ ជេស៊ូ (Bambino Gesu Hospital)។
វ៉ាទីកង់ញូវបានរាយការណ៍ថា គ្រប់ទីកន្លែងដែលមានសង្រ្គាមគឺឃើញតែទុក្ខវេទនាចំពោះកុមារ ដូច្នេះហើយទើបបានជាក្រុមអត្តពលិកបានរៀបចំកម្មវិធីនេះឡើងនៅក្នុងគោលបំណង លើកកំពស់ការចូលរួមនិងជំរុញអោយមានការចាប់អារម្មណ៍អំពីបញ្ហា ។
កម្មវិធីជិះកង់នេះ មានចំងាយសរុប៣៥ គីឡូម៉ែត្រដោយចេញពីទីលានសន្តសិលា ទៅកាន់តំបន់ ហ្វីយូមីស៊ីណូ (Fiumicino)ដោយឆ្លងកាត់មជ្ឈមណ្ឌលថែទាំកុមារ នៅមន្ទីរពេទ្យ បាមប៊ីណូ ជេស៊ូ ជាកន្លែងដែលពួកគេបានទទួលការស្វាគមន៍ពីសំណាក់កុមារនិងក្រុមបុគ្គលិកគ្រូពេទ្យ ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនោះ ។
នៅក្នុងកម្មវិធីនេះទាំងអត្តពលិក និង កុមារ គឺបានរួមគ្នាចូលរួមដាំដើមអូលីវ ដើម្បីជានិមិត្តរូបនៃសេចក្តីសង្ឃឹម និង សន្តិភាពនៅក្នុងថ្ងៃបុណ្យយេស៊ូប្រសូត្រ៕