ក្រុមលោកអភិបាលជប៉ុនជំរុញឲ្យលុបចោលទោសប្រហារជីវិត
ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសជប៉ុនបានបន្តការអំពាវនាវរបស់ខ្លួនឱ្យលុបចោលការកាត់ទោសប្រហារជីវិតបន្ទាប់ពីការដោះលែងលោក អ៊ីវ៉ាអូ ហាកាមាដា ( Iwao Hakamada) ដែលជាអ្នកទោសជាប់ឃុំឃាំងយូរបំផុតនៅលើពិភពលោក។
លោកអគ្គអភិបាល គីគូជី អ៊ីសាអូ (Kikuchi Isao) អភិបាលនៃព្រះសហគមន៍ទីក្រុងតូក្យូ និងជាប្រធានក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍ ជប៉ុនបាននិយាយថា "ជាមួយនឹងសាលក្រមនៃការដោះលែងលោក ហាកាមាដា យើងសូមអំពាវនាវឱ្យសង្គមជប៉ុនពិចារណាឡើងវិញនូវគុណសម្បត្តិ និងគុណវិបត្តិនៃទោសប្រហារជីវិត ។
លោក ហាកាមាដា ដែលនៅពេលនេះមានអាយុ ៨៨ ឆ្នាំ ត្រូវបានតុលាការនៅក្នុងស្រុកមួយ រកឃើញថាមិនមានកំហុស ដោយបញ្ចប់ការជាប់ពន្ធនាគារជាង ៥ ទសវត្សរ៍របស់លោក ។
លោក ហាកាមាដា ត្រូវបានកាត់ទោសក្នុងឆ្នាំ ១៩៦៨ ពីបទឃាតកម្មលើនិយោជករបស់គាត់ ប្រពន្ធរបស់បុរសនោះ និងកូនជំទង់ពីរនាក់របស់ពួកគេ។
លោកត្រូវបានកាត់ទោសប្រហារជីវិតដោយផ្អែកលើចម្លើយសារភាពដែលគាត់បានអះអាងក្រោយមកថាត្រូវបានបង្ខិតបង្ខំអំឡុងពេលសួរចម្លើយ។
លោក ហាកាមាដា បានចំណាយពេលជាង ៥០ ឆ្នាំ រហូតដល់តុលាការបានអនុញ្ញាតឱ្យមានការជំនុំជម្រះឡើងវិញចំពេលមានការព្រួយបារម្ភថាភស្តុតាងសំខាន់ៗត្រូវបានរៀបចំ។
លោកអគ្គអភិបាល គីគូជី បាននិយាយថា មនុស្សម្នាក់ដែលត្រូវបានកាត់ទោសដោយខុសក៏ដោយ នៅពេលដែលជីវិត និងសេចក្តីថ្លៃថ្នូររបស់គេត្រូវបានដកហូតដោយទោសប្រហារជីវិត ពួកគេមិនអាចស្តារឡើងវិញបានទេ ។
ករណីរបស់ ហាកាមាដា បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ដោយបង្កើនការព្រួយបារម្ភអំពីការកាត់ទោសខុសនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសជប៉ុន ដែលករណីសំខាន់ៗជារឿយៗពឹងផ្អែកលើចម្លើយសារភាពដែលទទួលបានតាមរយៈការសួរចម្លើយ ។
ការតស៊ូផ្លូវច្បាប់របស់គាត់បានបង្កឱ្យមានការជជែកវែកញែកជាថ្មីអំពីការប្រើប្រាស់ទោសប្រហារជីវិតនៅក្នុងប្រទេសជប៉ុន។