ក្រុមលោកអភិបាលព្រះសហគមន៍មីយ៉ាន់ម៉ាអំពាវនាវឲ្យមានបទឈប់បាញ់ទូលំទូលាយមួយ

ក្រោយពេលមីយ៉ាន់ម៉ាបានរងគ្រោះដ៏ធ្ងន់ធ្ងរដោយសារតែគ្រោះរញ្ជួយដី ក្រុមសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកប្រទេសនេះ បានអំពាវនាវជាបន្ទាន់ឲ្យមានបទឈប់បាញ់ដ៏ទូលំទូលាយមួយ ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ទៅដល់ជនរងគ្រោះដោយគ្មានការរារាំង។
ព្រះសហគមន៍កាតូលិកក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីបានអធិស្ឋានតាមបំណងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កំពុងចូលរួមយ៉ាងសកម្ម ឆ្លើយតបនឹងគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រកាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើនរយនាក់។
ក្រុមសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកប្រទេសនេះបានឲ្យដឹងថា ព្រឹត្តិការណ៍នៃសោកនាដកម្មនេះបានធ្វើឱ្យមីយ៉ាន់ម៉ាបានរងគ្រោះកាន់តែធ្ងន់ធ្ងរថែមទៀត។
បញ្ហាមនុស្សធម៌នៅក្នុងប្រទេសនេះ បានចោទជាបញ្ហាហើយក្រោយរដ្ឋប្រហារ ប៉ុន្តែគ្រោះធម្មជាតិដ៏កម្រនេះ វារឹតតែធ្វើឲ្យមីយ៉ាន់ម៉ាកាន់តែដុនដាបបន្ថែមទៀត។
តាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មនុស្សជិត ១០ លាននាក់ រួមទាំងកុមារ៦,៣ លាននាក់កំពុងត្រូវការជំនួយយ៉ាងខ្លាំង។
ព្រះសហគមន៍កាតូលិក នៅពេលនេះ កំពុងបញ្ជាក់ជំហរគាំទ្រឥតងាករេរបស់ខ្លួនសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ និងផ្ញើសាររំលែកទុក្ខដល់គ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
មកដល់ពេលនេះ ក្រៅពីព្រះសហគមន៍ផ្ទាល់ ថ្នាក់ដឹកនាំសន្តអាសនៈនៅឯបុរីវ៉ាទីកង់ក៏បានផ្ញើសាររំលែកទុកជាបន្តបន្ទាប់។
មកដល់ពេលនេះអង្គការសហប្រជាជាតិកំពុងកៀងគរធនធាន ដើម្បីជួយសង្គ្រោះប្រជាជនដែលរងគ្រោះ ដោយទទួលស្គាល់មីយ៉ាន់ម៉ាថា ជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងវិបត្តិនេះ៕

Daily Program
