ក្រុមលោកអភិបាលព្រះសហគមន៍ប៉ាគីស្ថានអញ្ជើញសម្តេចប៉ាបមកទស្សនកិច្ចប្រទេសប៉ាគីស្ថាន
ក្នុងអំឡុងពេលចូលជួបសំដែងការគួរសម និងប្រគល់កំរាលព្រំប៉ាគីស្ថានប្រពៃណីដល់សម្តេចប៉ាបឡេអូទី១៤ ជានិមិត្តរូបនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេស និងការគោរពរបស់គ្រិស្តបរិស័ទនៅប៉ាគីស្ថាន ចំពោះសម្តេចប៉ាបឡេអូទី១៤កាលពីពេលថ្មីៗនេះ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកប៉ាគីស្ថានបានយាង សម្តេចប៉ាប ឡេអូមកទស្សនកិច្ចនៅប៉ាគីស្ថាន។
លោកអភិបាល សាំសុន ស៊ូខាឌីន (Samson Shukardin) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិក នៃប្រទេសប៉ាគីស្ថាន បានគោរពអញ្ជើញសម្តេចប៉ាបជាផ្លូវការឱ្យមកទស្សនកិច្ចប្រទេសនេះ។
ជាការឆ្លើយតប សម្តេចប៉ាប ឡេអូបានបង្ហាញពីភាពបើកចំហរចំពោះការអញ្ជើញ និងបង្ហើបដល់ក្រុមលោកអភិបាល អំពីបំណងប្រាថ្នារបស់ទ្រង់ក្នុងការយាងមកទស្សនកិច្ចប្រទេសប៉ាគីស្ថាននាពេលអនាគត។
នាឱកាសនោះ លោកអភិបាលក៏បានមានប្រសាសន៍ថា ជំនួបនេះគឺមានអត្ថន័យ និង ជាការលើកទឹកចិត្តខាងវិញ្ញាណដល់គ្រិស្តបរិស័ទ ក្នុងប្រទេសប៉ាគីស្ថាន។
លោកអភិបាលក៏ បានបង្ហាញរបាយការណ៍អំពីជីវិត និងបេសកកម្មរបស់ព្រះសហគមន៍ កាតូលិកនៅក្នុងប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនភាគច្រើនជាមូស្លីម។
លោកអភិបាលបានលើកឡើងនូវសេចក្តីពិតដែលគ្រិស្តបរិស័ទ នៅក្នុងប្រទេសប៉ាគីស្ថានប្រឈមមុខ ហើយបានសង្កត់ធ្ងន់ថា ការប្រកាសដំណឹងល្អនៅតែជាបញ្ហាប្រឈមចម្បងមួយសម្រាប់ព្រះសហគមន៍។
លោកបានទទួលស្គាល់ថា គ្រួសារកាតូលិកជាច្រើននៅតែបន្តប្រឈមមុខនឹងការលំបាកផ្នែកអប់រំ និងសេដ្ឋកិច្ច ប៉ុន្តែបានសង្កត់ធ្ងន់ថា អ្នកមានជំនឿលើព្រះគ្រិស្តនៅតែប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះជំនឿ និងជីវិតសាសនា របស់ពួកគេ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ លោកអភិបាល បានសម្តែងក្តីសង្ឃឹមសម្រាប់អនាគតនៃព្រះសហគមន៍ នៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងស្ថាប័នអប់រំកាតូលិក និងការវិនិយោគលើការបង្កើតយុវជន ដើម្បីគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់នៃព្រះសហគមន៍ ក្នុងស្រុក៕