ក្រុមលោកអភិបាលកាតូលិកអាមេរិក សុំចរចាជាមួយរដ្ឋបាលលោកត្រាំ
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍អ៊ីតាលី TV2000 ប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៅសហរដ្ឋអាមេរិកបានប្រកាសថា នឹងបើកកិច្ចសន្ទនាជាមួយនឹងរដ្ឋបាល លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងបញ្ហាជនឥន្តោប្រវេសន៍។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមលោកអភិបាលបាន អំពាវនាវឱ្យមានកំណែទម្រង់លើគោលនយោបាយការធ្វើចំណាកស្រុករបស់សហរដ្ឋអាមេរិក ដែលកំពុងតែអនុវត្តដោយលោកប្រធានាធិបតី ត្រាំ។
លោកអគ្គអភិបាល ធីម៉ូធី ប្រូកលីយូ (Timothy Broglio) ប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៅសហរដ្ឋអាមេរិក បានថ្លែងដោយទទូច ឲ្យរដ្ឋាភិបាលអាមេរិកគោរពច្បាប់ ហើយលើកឡើងថា តាមផ្លូវមនុស្សធម៌ ព្រះសហគមន៍កាតូលិកត្រូវតែជួយពួកជនឥន្តោប្រវេសន៍និងអ្នកដែលត្រូវការជំនួយ ទោះបីជាពួកគេបានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ក៏ដោយចុះ។
លោកបានបន្តថា «យើងជាកូនចៅរបស់ព្រះជាម្ចាស់យើងត្រូវតែជួយពួកគេ ពីព្រោះព្រះគ្រីស្តទ្រង់តែងតែសន្តោសគ្រប់គ្នា ហើយព្រះអង្គពិតជាគាំទ្រសុំឲ្យយើងធ្វើដូច្នេះដើម្បីការពារពួកគេ»។
លោកអគ្គអភិបាល បានសង្កត់ធ្ងន់លើតម្រូវការឆ្លើយតបចំពោះជនចំណាកស្រុក និងជនភៀសខ្លួន ហើយបានទទូចឲ្យបន្តការពិភាក្សាជាមួយសភាដើម្បីធ្វើកំណែទម្រង់ច្បាប់ស្តីពីការធ្វើចំណាកស្រុក។
លោកអគ្គអភិបាលបានបន្តទៀតថា «យើងមានឆន្ទៈក្នុងការសន្ទនា» ដោយបន្ថែមថា យើងក៏បានស្នើសុំជួបជាមួយប្រធានាធិបតី ឬអនុប្រធានាធិបតីដើម្បីជជែកគ្នា មិនមែនតាមប្រព័ន្ធផ្សព្វផ្សាយទេ ប៉ុន្តែទល់មុខគ្ន៕