ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបោះឆ្នោតគាំទ្រការដាក់ពង្រាយកងកម្លាំងអន្តរជាតិនៅហ្គាហ្ស៉ា
ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១៧ វិច្ឆិកា បានបោះឆ្នោតសម្រាប់ផែនការសន្តិភាពរបស់លោកដូណាល់ ត្រាំ នៅតំបន់ហ្គាហ្ស៉ា ដែលជាពិសេសគ្រោងដាក់ពង្រាយកងកម្លាំងអន្តរជាតិ ក្រោមសំពាធរបស់សហរដ្ឋអាម៉េរិកដែលធ្លាប់បានព្រមានប្រឆាំងនឹងហានិភ័យនៃការផ្ទុះសង្រ្គាមឡើងវិញ។
សមាជិក ១៣រូប នៃក្រុមប្រឹក្សានេះ បានថ្លែងគាំទ្រដំណោះស្រាយ។ ប្រធានាធិបតីអាម៉េរិកបានអបអរសាទសម្រាប់ការខិតទៅជិតដំណោះស្រាយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់អង្គការសហប្រជាជាតិ។ លោកដូណាល់ ត្រាំ បានអរគុណប្រទេសដែលកាន់អសនៈនៅក្រុមប្រឹក្សាសន្តិសុខ រួមទាំងប្រទេសរុស្ស៊ី និងចិន ដែលបានបោះឆ្នោតអនុបវេទ។
ដោយត្រូវបានកែសម្រួលជាច្រើនសានៅអំឡុងកិច្ចចរចាដ៏រស៊ើប ដំណោះស្រាយអនុម័តផែនការរបស់ប្រធានាធិបតីអាម៉េរិក បានអនុញ្ញាតតាំងពីថ្ងៃទី១០ តុលា នូវបទឈប់បាញ់ដ៏ផុយស្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីន។
សម្រាប់រូបលោកស្តេហ្វ៉ាន ឌុយហ្ស៉ារីក អ្នកនាំពាក្យនៃអគ្គលេខានៃអង្គការសហប្រជាជាតិ ការអនុម័តដំណោះស្រាយនេះគឺជាជំហានដ៏មានសារសំខាន់នៅក្នុងការពង្រឹងបទឈប់បាញ់នៅហ្គាហ្សាដែលត្រូវបានបំផ្លាញអស់រយៈពេល ២ឆ្នាំ នៃសង្រ្គាមដែលចាប់ផ្តើមបង្កដោយការវាយប្រហារបង្ហូរឈាមនៃចលនាឥស្លាមហាម៉ាសប៉ាឡេស្ទីននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ចលនាហាម៉ាស បានសរសេរថា អត្ថបទច្បាប់ដែលត្រូវបានគាំទ្រដោយអាជ្ញាធរប៉ាឡេស្ទីន ផងដែរ មិនបានឆ្លើយតបនឹងការទាមទារសិទ្ធនយោបាយ និងសិទ្ធមនុស្សនៃជនជាតិប៉ាឡេស្ទីននោះទេ។ វាដាក់ចេញនូវប្រព័ន្ធតាមដានត្រួតពិនិត្យអន្តរជាតិលើដែនដីហ្គាហ្សា ជាអ្វីដែលប្រជាជនយើង កម្លាំងរបស់យើង និងភាគីរបស់យើងបដិសេធចោល។
ដំណោះស្រាយផ្តល់នូវអណត្តិរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ដល់គណៈកម្មាធិការសន្តិភាព ជាអង្គភាពអភិបាលអន្តរកាល រហូតដល់មានការកែទម្រង់អាជ្ញាធរប៉ាឡេស្ទីន។ គណៈកម្មាធិការនេះត្រូវបានធ្វើជាអធិបតីភាពដោយលោកដូណាល់ ត្រាំ។
អត្ថបទដំណោះស្រាយក៏អនុញ្ញាតឲ្យមានកងកម្លាំងស្តារស្ថិរភាពអន្តរជាតិ (ISF) ដែលទទួលបន្ទុកជាពិសេសរក្សាសន្តិសុខនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងអេហ្ស៊ីប និងរក្សាតំបន់គ្មានយោធានៅតំបន់ហ្គាហ្ស៉ា ការដកអាវុធពីកងកម្លាំងយោធាដែលមិនមានរដ្ឋ ការការពារជនស៊ីវិល និងការបង្កើតប៉ូលីសប៉ាឡេស្ទីន។
ផ្ទុយពីអត្ថបទដំណោះស្រាយលើកមុនៗ ការបង្កើតជាយថាហេតុនៃរដ្ឋប៉ាឡេស្ទីនមិនបានលើកឡើងទេ។ អត្ថបទនៃដំណោះស្រាយនិយាយថា បន្ទាប់ពីកំណែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ចុងក្រោយលក្ខខណ្ឌនានានឹងអាចដាក់ឲ្យដំណើរការលើផ្លូវដែលអាចជឿទុកចិត្តបាន ឆ្ពោះទៅកាន់ការស្វ័យសម្រេចចិត្តរបស់ប៉ាឡេស្ទីន និងលក្ខន្តិកៈជារដ្ឋ”។
នេះគឺជាអនាគតដែលច្បាស់ណាស់ ត្រូវបានបដិសេធដោយអ៊ីស្រាអែល។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេចាម៊ីន ណេតាន់យ៉ាហ៊ូ បានទទូចថា ៖ “ការប្រឆាំងដ៏ម៉ឺងម៉ាត់របស់យើងសម្រាប់ការទទូលស្គាល់រដ្ឋប៉ាឡេស្ទីន គឺមិនមានការផ្លាស់ប្តូរទេ”។
សម្រាប់ប្រទេសបារាំងដែលបានបោះឆ្នោតគាំទ្រនូវដំណោះស្រាយនេះ បារាំងឆ្លើយតបនឹងតម្រូវការដែលមានភាពបន្ទាន់បំផុតនៃប្រជាជន និងអនុញ្ញាតឲ្យមានការគាំទ្រនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងដំណើរការ។ ប្រភពការទូតបារាំង បន្ថែមថា យើងបានប្រកាន់យកវិធានការដើម្បីផ្ទៀងផ្ទាត់ថា អត្ថបទនៃដំណោះស្រាយរួមបញ្ចូលនូវធាតុសំខាន់ៗសម្រាប់យើង និងជាពិសេសសេចក្តីយោងសម្រាប់ទស្សនវិស័យនៃរដ្ឋប៉ាឡេស្ទីន។