ក្រុមចម្រៀងកុមារម៉ូណាកូ មកសម្តែងនៅកម្ពុជាជាលើកដំបូង ក្នុងខែកក្កដានេះ

ក្រុមចម្រៀងកុមារម៉ូណាកូ (Les Petits Chanteurs de Monaco) ដែលមានកេរ្តិ៍ឈ្មោះល្បីលើពិភពលោក នឹងបង្ហាញស្នាដៃដំបូងរបស់ពួកគេនៅប្រទេសកម្ពុជា នៅក្នុងខែកក្កដាខាងមុខនេះ។ នេះបើយោងតាមខិតបណ្ណផ្សព្វផ្សាយរបស់ក្រុមនេះ។
ការសម្តែងនេះគឺជាផ្នែកមួយនៃដំណើរទេសចរណ៍នៅប្រទេសវៀតណាម និងកម្ពុជា ក្រោមការឧបត្ថម្ភរបស់ព្រះអង្គម្ចាស់អាល់ប៊ែរនៃប្រទេសម៉ូណាកូ។
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីក្រុងសំខាន់ៗបីគឺ នៅសៀមរាប ថ្ងៃទី១៩ ខែកក្កដា នៅសណ្ឋាគារ Sofitel Angkor Phokeethra នៅខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែកក្កដា នៅសណ្ឋាគារ Novotel Sihanoukville Holiday Resort និងនៅភ្នំពេញ នាថ្ងៃទី២៣ ខែកក្កដា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។
ការសម្តែងទាំងនេះនឹងចាប់ផ្តើមនៅម៉ោង ៦ ល្ងាច (ភ្នំពេញ៖ ម៉ោង ៦:៣០ល្ងាច) ក្នុងនោះមានបទចម្រៀងអំពីសាសនា បទបុរាណ និងបទចម្រៀងដែលស្ថាព្រះហស្តរបស់ព្រះអង្គម្ចាស់រៃញេទី៣ ដែលជាស្ថាបនិកក្រុមនេះនៅឆ្នាំ១៩៧៤។ ការសម្តែងជាពិសេសនេះត្រូវបានរៀបចំឡើងដើម្បីអបអរខួប ១០០ឆ្នាំរបស់ព្រះអង្គ។
សំបុត្រចូលរួមមានតម្លៃ ៣០ ដុល្លារអាមេរិក សម្រាប់មនុស្សទូទៅ ខណៈដែលនិស្សិត និងកុមារអាយុក្រោម១៨ ឆ្នាំអាចចូលរួមដោយឥតគិតថ្លៃ។ ការបរិច្ចាគបន្ថែមក៏ត្រូវបានស្វាគមន៍ផងដែរ។
ប្រភពដដែលបានឲ្យដឹងថា ប្រាក់ចំណូលពីការលក់សំបុត្រនឹងផ្តល់ជាឧបត្ថម្ភដល់មូលនិធិ «គន្ធាបុប្ផា» ដែលផ្តល់សេវាសុខាភិបាលឥតគិតថ្លៃ និងមានគុណភាពខ្ពស់ដល់កុមារទូទាំងប្រទេសកម្ពុជា។
ការសម្តែងនេះ មានការឧបត្ថម្ភគាំទ្រពីដៃគូក្នុងស្រុក ដូចជា សាលារបាំរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី(សហការនៅក្នុងការសម្តែងភ្នំពេញ) ក្រុមអប់រំគួចម៉េងលី សាលាដុនបូស្កូកម្ពុជា សភាពាណិជ្ជកម្មអ៊ីតាលីនៅកម្ពុជា និងក្រុមAll Dreams Cambodia។
កម្មវិធីនេះក៏ជាផ្នែកមួយនៃយុទ្ធនាការ Sing to Lead: Cambodian Choir Conductors on the Road to the Royal Choral Award 2027 ដែលមានគោលបំណងរួមដ៏ធំមួយ ដើម្បីលើកកម្ពស់សិល្បៈចម្រៀងជាក្រុមនៅកម្ពុជា។
ក្រុមចម្រៀងកុមារម៉ូណាកូ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤ ជាក្រុមចម្រៀងរបស់ព្រះសហគមន៍កាតូលិករបស់ប្រទេសម៉ូណាកូ និងស្ថិតក្រោមការមើលថែរបស់ព្រះអង្គម្ចាស់អាល់ប៊ែរ។ ពួកគេត្រូវបានគេស្គាល់ថា ជាទូតវប្បធម៌នៃសន្តិភាព និងភាតរភាព តាមរយៈតន្ត្រី និងសិល្បៈ៕
ដោយ កែវ កញ្ញា


Daily Program
