ក្រុមការងារប្រកាសដំណឹងល្អនៃភូមិភាគមួយផ្តល់ការបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំដល់យុវជន
ក្រុមការងារប្រកាសដំណឹងល្អនៃភូមិភាគកាតូលិកឃ្វេតតា (Quetta) នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានរៀបចំសិក្ខាសាលាមួយសម្រាប់ផ្តល់ចំណេះដឹងដល់យុវជននៅក្នុងភូមិភាគអំពីភាពជាអ្នកដឹកនាំ និង សកម្មភាពប្រកាសដំណឹងល្អ នៅក្នុងព្រះសហគមន៍។
កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដើម្បីណែនាំយុវជនក្នុងស្រុកអំពីប្រវត្តិ រចនាសម្ព័ន្ធ និងបេសកកម្មរបស់ក្រុមការងារនិងទំនួលខុសត្រូវរបស់ពួកគេនៅក្នុងកិច្ចការព្រះសហគមន៍។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំ ឡើងក្រោមការណែនាំដោយលោកអភិបាល សេបាស្យែន ហ្រ្វង់ស៊ីស ស័រ (Sebastian Francis Shaw) ក្រោមការសម្របសម្រួលដោយ លោកបូជាចារ្យ អ៊ីមត្យា ហ្វាយ៉ាត ( Imtiaz Faryad ) និងលោកបូជាចារ្យ ស៊ាំរ៉ាន់ បូអូតា (Samran Boota)។
សិក្ខាសាលានេះមានគោលបំណងលើកទឹកចិត្តការចូលរួមរបស់យុវជនក្នុងការងារផ្សព្វផ្សាយសាសនារបស់ព្រះសហគមន៍ និងដើម្បីលើកកម្ពស់វិជ្ជាជីវៈសាសនា។ កម្មវិធីនេះបានស្វែងរកការផ្តល់អំណាចដល់យុវជនឱ្យទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេនៅក្នុងព្រះសហគមន៍កាតូលិក និងគាំទ្រយ៉ាងសកម្មដល់ការផ្សព្វផ្សាយសាសនាទូទាំងពិភពលោក។
តាមរយៈការបណ្តុះការយល់ដឹងកាន់តែស៊ីជម្រៅអំពីការទទួលខុសត្រូវរបស់អ្នកផ្សព្វផ្សាយសាសនា អ្នករៀបចំមានគោលបំណងជម្រុញមនុស្សជំនាន់ក្រោយឱ្យឆ្លើយតបទៅនឹងការត្រាស់ហៅ ដោយការលះបង់ និងភាពជាអ្នកដឹកនាំល្អ។
លោកបូជាចារ្យ អ៊ីមត្យា ហ្វាយ៉ាត បានពន្យល់អំពីប្រវត្តិ បេសកកម្ម និងរចនាសម្ព័ន្ធ របស់ក្រុមការងារ ដោយជំរុញអ្នកចូលរួមវ័យក្មេងឱ្យចូលរួម និងបម្រើព្រះសហគមន៍។
លោកបានបញ្ជាក់ពីរបៀបដែលបណ្តាញការងារ នៃក្រុមការងារ នេះគាំទ្រដល់ការងារផ្សព្វផ្សាយសាសនានៅតាមមូលដ្ឋាន និងការធ្វើការដើម្បីកាត់បន្ថយភាពក្រីក្រ និងទុក្ខវេទនានៅតំបន់ដាច់ស្រយាល។
លោកបានសង្កត់ធ្ងន់ថា យុវជនមានការទទួលខុសត្រូវពិសេសក្នុងការក្លាយជាសាក្សីសកម្មនៃជំនឿ និងជាអ្នកនាំសារនៃសន្តិភាពនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ៕