ក្រុងរ៉ូមលើកទឹកចិត្តអ្នកបង្កើតមាតិកាសង្គមនិងសាសនទូតឌីជីថលក្នុងឆ្នាំ២០២៥
នៅសល់មិនដល់ពេល១ឆ្នាំទៀតទេ ទីក្រុងរ៉ូមនឹងប្រារព្ធឆ្នាំមហាករុណាទិគុណ ដែលនឹងប្រមូលផ្ដុំសាសនទូតឌីជីថល និងអ្នកបង្កើតមាតិកាសង្គមជាកាតូលិកពីទូទាំងពិភពលោកឲ្យជួបជុំគ្នា។
កម្មវិធីនេះនឹងរៀបចំមុន យុវជននៃមហាករុណាទិគុណ គឺនៅថ្ងៃទី២៨-២៩ កក្ដដា ២០២៥ សម្រាប់អស់អ្នកដែលបានធ្វើមាតិកាលើបណ្ដាញសង្គមអំពីជំនឿ។ យុវជនទាំងនេះ ធ្លាប់បានជួបជុំគ្នាម្តងរួចមកហើយក្នុងទិវាយុវជនពិភពលោកនៅទីក្រុងលីសបូន ប្រទេសប័ទុយហ្គាល់ ក្នុងឆ្នាំ២០២៣។
លោកកាឌីណាល់ ហូសេ តូឡិនទីណូ ដឺ មេនដុនសា (José Tolentino de Mendonça) អ្នកទទួលខុសត្រូវក្រសួងវប្បធម៌ និងការអប់រំ បាននិយាយទៅកាន់ក្រុមអ្នកបង្កើតមាតិការបណ្តាញសង្គមកាលពីថ្ងៃទី ១០ ខែកក្កដានេះថា«អ្នកបង្កើតមាតិកាឌីជីថលជាទីស្រឡាញ់ បច្ចុប្បន្ននេះ ព្រះសហគមន៍កំពុងត្រូវការអ្នក ដើម្បីនាំមកនូវក្តីសង្ឃឹមចូលទៅក្នុងសង្គមឌីជីថល ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញសង្គម។»
លោកបានបន្តថា សូម្បីតែសម្តេចប៉ាបក៏ទ្រង់ បានលើកទឹកចិត្តអ្នកផ្សព្វផ្សាយសាសនទូតឌីជីថលឱ្យមើលឃើញខ្លួនឯងជាសហគមន៍មួយ និងជាផ្នែកមួយនៃជីវិតអ្នកផ្សព្វផ្សាយសាសនារបស់ព្រះសហគមន៍ឲ្យខិតខំប្រកាសដំណឹងល្អនិងសេចក្តីពិតរបស់ព្រះជាម្ចាស់ដោយសេចក្តីអំណរ។