ក្រសួង​ណែនាំ​ឱ្យ​ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនពង្រឹងសុវត្ថិភាព

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក ប៉េង​ ពោធិ៍នា បាន​ណែនាំ​ឱ្យ​ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ ធ្វើ​ការពង្រឹងវិធានការសុ​វត្ថិភាព និងការរក្សាសុវត្ថិភាពនាវា-ទូកចម្លង។

ការណែនាំនេះ ធ្វើឡើងតាមរយៈសារាចរណនាំស្តីពីវិធានការពង្រឹងការរក្សាសុវត្ថិភាពនាវា-ទូកចម្លងដឹកអ្នកដំណើរ ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០២៤។

​លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃ ខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា-ទូកចម្លង។

​ត្រូវធានាថា នាវា-ទូកចម្លង បានទទួលការត្រួតពិនិត្យលក្ខណៈបច្ចេ​កទេសជាប្រចាំទៅតាមការកំណត់ ក្នុងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេស ដើម្បីធានាថានាវា-ទូកខ្លួនបានគោរពតាមវិធានបច្ចេកទេស សមស្របសម្រាប់ការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព។

លោក ប៉េង​ ពោធិ៍នា​ សង្កត់ធ្ងន់ថា ៖ «ត្រូវយកចិត្តទុកដាក់លើចំណុច ចាំបាច់ដូចជា សំបកទូក គ្រឿងម៉ាស៊ីន ប្រព័ន្ធចង្កូត ដំបូលទូក ប្រព័ន្ធភ្លើង សញ្ញាសំឡេង ឧបករណ៍ សុវត្ថិភាពនៅលើទូក ឧបករណ៍សង្គ្រោះបឋម និងសញ្ញាប្រកាសអាសន្នជាដើម»។

មួយវិញទៀត ត្រូវរៀបចំកន្លែងអង្គុយ ឬឈរឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់អ្នកដំណើរគ្រប់រូបដែលស្ថិត នៅលើនាវា-ទូក និងត្រូវណែនាំឱ្យអ្នកដំណើរអង្គុយ ឬឈរតាមកន្លែងសមស្របដែលអាចរក្សាលំនឹងរបស់នាវា-ទូក។

លោករដ្ឋមន្រ្តី​លើកឡើងទៀតថា ត្រូវពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមនាវា-ទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិន ត្រូវលើសសមត្ថភាពរបស់នាវា-ទូកជាដាច់ខាត, ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើនាវា-ទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព ភ្លើងបំភ្លឺ និងអាវពោងជាដើម។

“ត្រូវរៀបចំចំណតសម្រាប់នាវា-ទូកចម្លងចេញចូល និងសម្រាប់អ្នកដំណើរឡើងនិងចុះចេញប្រកបដោយសុវត្ថិភាព និងត្រូវដាក់ស្លាកណែនាំសុវត្ថិភាពដល់អ្នកដំណើរឱ្យបានយល់ដឹង និងត្រូវណែនាំអំពីសុវត្ថិភាពចម្បងរបស់ខ្លួននៅលើនាវា-ទូក ជាពិសេសត្រូវឱ្យអ្នកដំណើរពាក់អាវពោងឱ្យបានគ្រប់គ្នាមុនពេលចេញដំណើរ»។ នេះបើតាម​ការបន្ថែម​របស់​លោក ប៉េង ពោធិ៍នា។​

ទន្ទឹមនឹងនេះ ក្រសួងក៏​ស្នើដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និង នាវា-ទូ​កលក្ខណៈគ្រួសារ ដែលកំពុងធ្វើអាជីវកម្មនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យប្រកាន់ខ្ជាប់វិធានសុវត្ថិភាព នៅពេលធ្វើប្រតិបត្តិការចម្លង ឬដឹកជញ្ជូនផ្សេងៗ៕

Daily Program

Livesteam thumbnail