ក្រសួងឧស្សាហកម្ម និងអង្គការ UNIDO ជំរុញការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគម្រោង CAPFISH-CAPTURE ដែលចូលរួមអនុវត្តដោយអង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ (​UNI​DO​) បានសហការរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម»។

សិក្ខាសាលានេះធ្វើឡើង​ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកដល់ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។

សិក្ខាសាលានេះផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃគំរូត្រីវ័ណ្តក្នុងការជំរុញភាពជាដៃគូ និងលើកកម្ពស់ជំនាញស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍។ សិក្ខាសា​លាបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តំណាងសហគ្រាសឧស្សាហកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សា-ស្រាវជ្រាវ ដើម្បីអភិវឌ្ឍគោលការណ៍ណែនាំស្តីពី «ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស» ជាតិមួយ ដែលគាំទ្រដល់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០។​

ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យជាមួយនឹងតម្រូវការរបស់សហគ្រាសគឺជាយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែជំរុញឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពនៃការអប់រំផងដែរ។

លោកបញ្ជាក់ថា ៖ «យុទ្ធសាស្រ្ត​នេះបង្កើតឱកាសដល់និស្សិតនៅកម្ពុជាឱ្យទទួលបានជំនាញ ចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ ម៉្យាងវិញទៀត សាកលវិទ្យាល័យក៏អាចបង្កើតលទ្ធផលស្រាវជ្រាវល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងវិស័យនានា ជាពិសេសវិស័យឧស្សាហកម្មដោយផ្ទាល់»។

លោករដ្ឋមន្រ្តី​បានលើកទឹកចិត្តឱ្យនវានុវត្តន៍ករ ការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗរបស់ពួកគេតាមរយៈប្រកាសនីយបត្រតក្កកម្ម។ នវានុវត្តន៍ករអាច​ការពារស្នាដៃ​របស់ខ្លួន ដើម្បីអភិវឌ្ឍស្នាដៃទាំងនោះបន្ថែមនៅ​ក្នុង​វិស័យ​រៀង​ខ្លួន។

តាមរយៈគម្រោង CAPFISH-CAPTURE ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប អង្គកា​រ UNIDO បានដាក់ឱ្យអនុវត្តថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍វិស័យចំណីអាហារ (FTRIP) ដែលប្រមូលផ្តុំគ្រឹះស្ថានឧត្តមសិក្សា សហគ្រាសក្នុងវិស័យចំណីអាហារ និងស្ថាប័នសាធារណៈ ដើម្បីសហការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលមានមូលដ្ឋានលើការស្រាវជ្រាវ សម្រាប់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម។

លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រា​ស ដែលជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។

លោកបានថ្លែងថា ៖ «សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស មានសារៈសំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ យើងអាចធានាបានថា ចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតដំណោះស្រាយដែលផ្តោតលើតម្រូវការទីផ្សារ បង្កើតឱកាសសេដ្ឋកិច្ច បង្កើតការងារ និងពង្រឹងភាពប្រកួតប្រជែង»៕

 

 

 

Daily Program

Livesteam thumbnail