ក្រសួងឧស្សាហកម្ម ណែនាំឱ្យបង្កើនការយល់ដឹង ពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានណែនាំពីវិធានការ បង្កើនការយល់ដឹង អំពីសុវត្ថិភាពបឋម នៃការប្រើប្រាស់យានយន្តអគ្គិសនី ខណៈក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនី មួយចំនួនមានការយល់ដឹង ពីស្តង់ដារសុវត្ថិភាពនៅមានកម្រិត។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងឧស្សាហកម្ម នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម បានជម្រាបជូនម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត និងនាំចូលតាមគ្រប់រូបភាពនូវយានយន្តអគ្គិសនីគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារនៅ កម្ពុជាទាំងអស់ ថា បច្ចុប្បន្ននេះ ក្រសួងសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនី មួយចំនួនមានការយល់ដឹង ពីស្តង់ដារសុវត្ថិភាពនៃការប្រើប្រាស់នៅមានកម្រិត ដែលអាចបង្កហានិភ័យដល់សុវត្ថិភាពអ្នក បើកបរ អ្នករួមដំណើរ អ្នកដំណើរតាមផ្លូវសាធារណៈ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គម។
ដើម្បីការពារ ទប់ស្កាត់ និងបញ្ចៀសបាននូវហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុដូចបានរៀបរាប់ ខាងលើ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និង ចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវរៀបចំគោលការណ៍ណែនាំ អំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព នៃការប្រើប្រាស់យានយន្ត អគ្គិសនីគ្រប់ប្រភេទ មុននឹងចរាចរលក់នៅលើទីផ្សារ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិតនិងនាំចូលយានយន្តអគ្គិសនីគ្រប់ប្រភេទនឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕