ក្រសួងអប់រំ ណែនាំសាលារៀនធ្វើប័ណ្ណសម្គាល់ខ្លួនសិស្សដើម្បីឱ្យការអនុវត្ត School Management Information System មានប្រសិទ្ធភាព

ក្រសួងអប់រំនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានចេញលិខិតណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពទាំងមូលនៃសាលារៀន និងដំណើរការជាក់ស្តែនៃដំណើរការអប់រំនៅក្នុងសាលា ដើម្បីឱ្យសាលារៀន សហគមន៍ និងគ្រួសារសិស្ស រួមគ្នាអភិវឌ្ឍ កែលម្អ និងវាយតម្លៃការអប់រំនៅកម្រិតសាលារៀន។

យោងតាមក្រសួងអប់រំ គ្រឹះស្ថានសិក្សាអាចប្រើប្រាស់ប្រព័ន្ធឌីជីថល School Management Information System នេះសម្រាប់បម្រើដល់ការងារគ្រប់គ្រងសាលារៀន គ្រប់គ្រងទិន្នន័យសិស្ស និងបង្កើតរបាយការណ៍ជាមួយមុខងារមួយចំនួនទៀតដូចជា ការគ្រប់គ្រងលើ​ ការចុះឈ្មោះចូលរៀន ការគ្រប់គ្រងពិន្ទុសិស្ស ទិន្នន័យនៃរចនាសម្ព័ន្ធសាលារៀន និងការគ្រប់គ្រងការបញ្ចប់ការសិក្សារបស់សិស្សជាដើម។

បើតាមប្រភពដដែល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀនតាមគ្រឹះស្ថានសិក្សាអប់រំចំណេះទូទៅ តាមបណ្តារាជធានី ខេត្ត ឱ្យមានសុក្រឹតភាព និងភាពច្បាស់លាស់ និងត្រឹមត្រូវតាមបទដ្ឋានរួម ក្រសួងអប់រំបានចេញសេចក្តីណែនាំចំនួន ៣ចំណុចសំខាន់ៗ។

ទី១ មន្ទីរអប់រំ តាមបណ្តាខេត្តត្រូវជួយសម្របសម្រួល ផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាល បន្តដល់គ្រឹះស្ថានសិក្សាអប់រំចំណេះដឹងទូទៅក្រោមឱវាទរបស់ខ្លួនឱ្យរៀបចំលេខសម្គាល់សិស្សឱ្យបានទូលំទូលាយ។ ទី២ ការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវជួយសម្របសម្រួល និងបណ្តុះបណ្តាលបន្តដោយផ្ទាល់លើការរៀបចំលេខសម្គាល់សម្រាប់សិស្សម្នាក់ៗ ព្រមទាំងប័ណ្ណសម្គាល់ខ្លួនសម្រាប់សិស្សនៅតាមសាលារៀន។ ទី៣ គ្រឹះស្ថានអប់រំចំណេះដឹងទូទៅ ត្រូវរៀបចំទិន្នន័យតាមគំរូដែលបានផ្តល់ឱ្យតាមតារាងឧបសម្ព័ន្ធ ដើម្បីត្រៀមរៀបចំបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន។

គួរបញ្ជាក់ផងដែរថា សាលារៀនដែលមានបំណងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន សូមធ្វើការស្នើសុំ និងទំនាក់ទំនងមកនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ តាមរយៈ តំណភ្ជាប់ ឬ QR Code ៕

 

Daily Program

Livesteam thumbnail