ក្រសួងអប់រំផ្តល់អាហារូបករណ៍២០កន្លែងសម្រាប់បុគ្គលិកអប់រំ សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ

ក្រសួងអប់រំផ្តល់អាហារូបករណ៍២០កន្លែងសម្រាប់បុគ្គលិកអប់រំ និងជ្រើសរើសសិស្សបង់ថ្លៃ៦០នាក់ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ដែលមានរយៈពេលពីរឆ្នាំ សិក្សារៀងរាល់ថ្ងៃសៅរ៍អាទិត្យ នៅវិទ្យាស្ថានជាតិអប់រំ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំការប្រលងជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រប់គ្រងអប់រំ ដែលនឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី ១៥ វិច្ឆិកា​ ២០២៥។ ការជ្រើសរើសបែងចែកជាពីរប្រភេទ គឺសិស្សអាហារូបករណ៍ និងសិស្សបង់ថ្លៃសិក្សា។

សម្រាប់ការដាក់អាហារូបករណ៍ តម្រូវឱ្យបេក្ខជនមានលក្ខខណ្ឌជាបុគ្គលិកអប់រំក្នុងក្រសួងអប់រំ ដែលមានបទពិសោធន៍ការងារតាំងស៊ប់ក្នុងក្របខណ្ឌរដ្ឋ មានវិញ្ញាបនបត្ររដ្ឋបាលចេញដោយប្រធានអង្គភាព និងសញ្ញាបត្របរិញ្ញាបត្រ។ ចំណែកឯសិស្សដែលបង់ថ្លៃសិក្សា ពុំមានកំណត់លក្ខខណ្ឌនោះទេ សំខាន់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូលឡើងទៅ។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យ បេក្ខជនត្រូវទាញយកពាក្យបំពេញ រួចដាក់នៅ វិទ្យាស្ថានជាតិអប់រំ នៅការិយាល័យសិក្សា រៀងរាល់ម៉ោងធ្វើការ។ ក្រសួងនឹងបន្តទទួលពាក្យរហូតដល់ថ្ងៃទី ១៥​ ខែ កញ្ញា ២០២៥ ម៉ោង៥រសៀល ហើយបេក្ខជននឹងត្រូវប្រឡងនៅថ្ងៃទី ៧ តុលា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ លើវិញ្ញាសាបី គឺ វិញ្ញាសា គ្រប់គ្រងអប់រំ វប្បធម៌ទូទៅ និងភាសាអង់គ្លេស។

គួរបញ្ជាក់ថា បេក្ខជនដែលធ្លាប់បានជាប់អាហារូបករណ៍ណាមួយនៅវិទ្យាស្ថានជាតិអប់រំ មិនអនុញ្ញាត​ឱ្យជ្រើសរើសអាហារូករណ៍នេះបានទៀតទេ​ តែអាចដាក់ពាក្យជាសិស្សរៀនបង់ថ្លៃបាន។ចំពោះព័ត៌មានលម្អិត បេក្ខជនអាចទាក់ទងទៅកាន់លេខ ០៨៨ ៩៨៩៩១៦២ ឬ ០៨៩ ៩៣៨ ៣៤៩៕

Daily Program

Livesteam thumbnail