ក្រសួងសុខាភិបាល​ ណែនាំ​ឱ្យ​​ប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្ដៅ

ក្រសួងសុខាភិបាល បានអំពាវនាវ ​និងក្រើនរំលឹកដល់​ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពីស្ថានភាពនៃការប្រែប្រួលអា​កាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រ​ទេសជា ច្រើន។

បុគ្គលគ្រប់រូប អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់គឺ មនុស្ស ចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្អខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពារ រាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

សេចក្តីជូនដំណឹងបានបន្តថា ពេលអាកាសធាតុក្តៅខ្លាំង អាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួនដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។​

ក្រសួងសុខាភិបាលបញ្ជាក់ថា ​ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុ​ខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តនូវប្រការមួយចំនួន​ដូចជា៖ ពិសាទឹកឱ្យបានច្រើ​ន និងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។ ដែលការពិសាទឹកនេះ បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យ ខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្រុះ។​

ក្រសួង​បានបន្តថា ត្រូវ​ចៀសវាងការពិសាជាតិអាល់កុល កាហ្វេ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ​ព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។ ស្លៀកស​ម្លៀកបំពាក់ដែលជួយការពារកម្ដៅ និងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំ​ពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារ ក​ម្ដៅថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។

ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្តៅឡើងបន្ថែមទៀត។ ចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំងការពារកម្ដៅព្រះអាទិត្យ។

កាត់បន្ថយកម្ដៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួចនៅពេលយប់។ ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ឬនៅពេលព្រះអាទិត្យកំពុងពេញកម្ដៅ។

ហាត់បន្សំខ្លួនជាបណ្ដើរៗជាមួយលក្ខខណ្ឌអាកាសធាតុក្ដៅ។ ប្រើកន្សែងសើមជូតមុខរបស់អ្នកពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមានអារម្មណ៍ថាក្ដៅខ្លាំង។

ងូតទឹកត្រជា​ក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមាន ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលមានសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកម្ដៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជាពិ​សេ​សចំពោះមនុស្សចាស់ ឬកុមារ។

​ក្រសួងសុខាភិបាល​បានបន្ថែមថា ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ ក​ន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាម ដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរ​បស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកម្ដៅក្នុងកម្រិតណាមួយ។

កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្តៅ។សមា​ជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអា​យុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការ ជំនួយយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ ចោលដោយមិនបានតែសួរសុខទុក្ខពួកគាត់។

ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ដែ​លជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរ បីនាទី ហើយពិសាភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមាន ហានិភ័យខ្ពស់៕

Daily Program

Livesteam thumbnail