ក្រសួងសុខាភិបាលប្រកាសឱ្យបង្ការការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា តាមរយៈប្រព័ន្ធ តាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅកម្ពុជា បានរកឃើញថាមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤។
ការកើនឡើងនេះ មានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះនៅក្នុងបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងរបស់យើង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទនិងអនុក្រុមវីរុស (Virus Sequencing) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់អារម្មណ៍ និងប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលជាការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។
សេចក្តីប្រកាសបញ្ជាក់ថា ៖ «ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លង រាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ»។
ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្ត នូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់មួយចំនួន ដូចជា៖ ប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវ ខាកស្តោះពាសវាលពាសកាល។
ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្ដៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ សូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការឆ្លងជំងឺកូវីដ-១៩។
ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។
ប្រសិនធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូត ដល់គ្មានរោគសញ្ញាជំងឺ។
ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន ពីព័ត៌មានទាក់ទងនឹងបញ្ជ សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជុំងឺឆ្លងនិងគេហទំព័រ www.cdcmoh.gov.kh៕