ក្រសួងយុត្តិធម៌៖ ការចាប់ខ្លួនលោក ស៊ុន ចន្ទី គឺជាការអនុវត្តច្បាប់សុទ្ធសាធ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងទាក់ទងនឹងការចាប់ខ្លួនលោក ស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ថាការចាប់ខ្លួនបុគ្គលរូបនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងដូចនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ទាប់ពីមានការលើកឡើងពីមូលហេតុខុសៗគ្នា ជាពិសេសមានការចោទថាការចាប់ខ្លួននេះគឺជារឿងនយោបាយ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានពិនិត្យឃើញដែរថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិដោយប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ «គណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្តថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។
សូមរម្លឹកថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ផ្អែកតាមដីកាបញ្ជាឱ្យចូលខ្លួននេះ និងសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បុគ្គល រូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យបានបន្តថា ៖ «ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែល ប្រព្រឹត្តបទល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយ ស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្ស នយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបាន ប្រព្រឹត្តនោះទេ»។
ប៉ុន្តែយ៉ាងណាក៏ដោយ បុគ្គលគ្រប់រូបមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួន តាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។ រីឯការសម្រេចយ៉ាងណា គឺអាស្រ័យទៅលើការស៊ើបអង្កេត របស់តុលាការ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង។
សូមបញ្ជាក់ថា គណបក្ស កម្លាំងជាតិ និងគណបក្ស ភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ផ្សេងគ្នានាយប់ថ្ងៃទី៩ ខែឧសភា ដោយបានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ។
លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅព្រលានយន្តហោះ អន្តរជាតិ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន៕