ក្រសួងបរិស្ថាន រៀបគម្រោងដាំស្មៅយក្សអាចធ្វើអុសដុត ទប់ស្កាត់ការកាប់ឈើធ្វើអុស
ក្រសួងបរិស្ថានមានគម្រោងជំរុញការដាំស្មៅយក្ស (Giant King Grass) មានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដើម្បីពង្រឹងការទប់ស្កាត់ ការកាប់ឈើធម្មជាតិធ្វើអុស រួមចំណែកពង្រីកគម្របបៃតង និងជួយលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។
ក្នុងជំនួបរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Adam Henson នាយកផ្នែកអភិរក្សនៃអង្គការ Wild Earth Allies នាថ្ងៃទី២៩ ខែសីហា បានលើកឡើងពីសារៈសំខាន់នៃការដាំស្មៅយក្ស ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការចំអិនអាហារ។ជាមួយគ្នានេះ ស្មៅយក្សមានប្រយោជន៍ ធ្វើជាជីវអុសសម្រាប់ដុត ជំនួសឱ្យអុស ធ្យូង ដែលប្រជាពលរដ្ឋ បានកាប់ឈើធម្មជាតិ។
លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាំស្មៅយក្ស នឹងជួយចូលរួមចំណែកកាន់តែប្រសើរក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ និងជួយពង្រីកគម្របបៃតងនៅកម្ពុជា បន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ជំរុញការបណ្តុះ និងចែកកូនឈើកជូនប្រជាពលរដ្ឋ យកទៅដាំយ៉ាងតិច១លានដើមជារៀងរាល់ឆ្នាំ។ សហគមន៍តំបន់ការពារធម្មជាតិ អាចធ្វើការដាំប្រភេទស្មៅយក្ស នឹងអាចរកចំណូលបន្ថែមសម្រាប់គ្រួសារ កាន់តែប្រសើរថែមទៀត។
ជាការឆ្លើយតប លោក Adam Henson បានបញ្ជាក់ថា អង្គការ Wild Earth Allies បាននិងកំពុងគាំទ្រការងារអភិរក្សនៅក្នុងតំបន់ព្រៃឡង់ និងតំបន់សមុទ្រកម្ពុជារួចមកហើយ។ លោកបានប្តេជ្ញានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានប្រកបដោយនិរន្តរភាព៕



Daily Program
