ក្រសួងបរិស្ថាន គាំទ្រគម្រោងគ្រប់គ្រងសំណល់ថ្មពិលនៅកម្ពុជា របស់ក្រុមហ៊ុនអាល្លឺម៉ង់

ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ឧសភា បានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ECOLOGICON GMBH ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (BATTERY) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

នាថ្ងៃទី២៥ ឧសភា ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានជំនួបជាមួយលោក STEFAN MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា និងប្រតិភូក្រុមហ៊ុន ECOLOGICON GMBH ដោយបានថ្លែងគាំទ្រដល់គម្រោង BATTPRO ដែលបានសិក្សាលើការបង្កើតប្រព័ន្ធប្រមូល និងកែច្នៃកាកសំណល់ថ្មពិល (BATTERY) ប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ក្រសួងបរិស្ថាន គាំទ្រដល់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ECOLOGICON GMBH តាមរយៈគម្រោង BATTPRO ដែលគាំទ្របច្ចេកទេសទំនើប ពីប្រទេសអាល្លឺម៉ង់ ក្នុងការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងថ្មពិល និងធ្វើប្រព្រឹត្តិកម្មសំណល់អេឡិចត្រូនិក បន្ទាប់ពីការប្រើប្រាស់រួច ហៅថាយន្តការ EPR។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យមានការសិក្សារបស់គម្រោង យកចិត្តទុកដាក់បន្ថែមលើការទុកដាក់ និងកែច្នៃ ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេសនូវថ្មពិល សំណល់អេឡិកត្រូនិកនានា ដូចជាសំណល់អាគុយឡានអគ្គិសនី និងអាគុយប្រព័ន្ធអំពូលសូឡា បន្ថែមទៀត ដើម្បីធានាភាពស្អាតរបស់កម្ពុជាក្នុងពេលអនាគត។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវជាបឋម កម្ពុជានាំចូលថ្មពិល ប្រមាណជាង៤០០តោនក្នុងឆ្នាំ ហើយសំណល់ប្រមូល បានត្រឹមតែ៦០តោនប៉ុណ្ណោះ ដើម្បីយកទៅស្តុកទុក និងធ្វើប្រព្រឹត្តិកម្មដោយសុវត្ថិភាព។ កម្ពុជា បានពង្រឹងការទទួលខុសត្រូវខ្ពស់លើសំណល់គ្រោះថ្នាក់ ដោយក្រសួងបរិស្ថាន បានដាក់ធុងប្រមូលសំណល់ថ្មពិល នៅតាមទីសាធារណៈ ផ្សារទំនើប និងស្ថានីយប្រេងឥន្ធនៈ នៅរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ ទប់ស្កាត់ការបោះចោលលាយឡំជាមួយសំរាមទូទៅ ឬការប្រមូលថ្មពិលចាស់យកទៅគ្រប់គ្រង តាមលក្ខណៈបច្ចេកទេស៕

Daily Program

Livesteam thumbnail