ក្រសួងជំនាញ ណែនាំឲ្យបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកា លើបណ្តាញសង្គម ដែលមានប្រភពពីថៃ ឬមិនមានប្រភពច្បាស់លាស់
ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។
បើតាមសេចក្ដីណែនាំខាងលើ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើង ដោយប្រទេសថៃ មកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានឲ្យដឹងថា ការចូលទៅបញ្ចេញមតិ (Comment) ចែករំលែក (Share) ឬចុចប្រតិកម្ម (React) នៅលើ អត្ថបទ រូបថត រូបភាព វីដេអូ ឬសារទម្រង់ផ្សេងៗ ដែលជាមាតិកា តាមបណ្តាញសង្គមរបស់ប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ (ព័ត៌មានក្លែងក្លាយ) គឺជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយមាតិកា របស់ថៃដោយមិនដឹងខ្លួន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន បានបញ្ជាក់ជូនថា ទង្វើខាងលើនេះ ធ្វើឱ្យ ព័ត៌មានក្លែងក្លាយ បាននិងកំពុងសាយភាយ ភូតកុហក ញុះញុង និងបំបាក់ស្មារតី ដែលអាចគ្របដណ្តប់លុប លើសច្ចភាពនៅតាម បណ្តាញផ្សព្វផ្សាយផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងសារព័ត៌មានផ្លូវការ របស់កម្ពុជា។
ទន្ទឹមនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៃ ChatGPT និង Gemini បាននិងកំពុងទាញយក ព័ត៌មានទាំងនោះទៅប្រើប្រាស់និងចែករំលែកកាន់តែច្រើន ដែលធ្វើឱ្យពិភពលោកយល់ច្រឡំថា ជាព័ត៌មានពិត ខណៈដែលព័ត៌មានទាំងនោះ កំពុងតែត្រូវបានប្រើប្រាស់ដើម្បីបិទបាំងទង្វើឈ្លានពានយ៉ាងកំរោល របស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕