ក្រសួងការពារជាតិ ហាមឃាត់ដាច់ខាតលើការប្រើប្រាស់ ដ្រូន គ្រប់ប្រភេទ នៅទូទាំងប្រទេស ជាពិសេសខេត្តជាប់ព្រំដែន

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ២៩ ធ្នូនេះ បានចេញសេចក្ដីណែនាំស្ដីពី ការហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ នៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន មានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។

យោតាមក្រសួងការពារជាតិ បានឲ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងយោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រសួងបានធ្វើការណែនាំពី ការហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន)គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន ។ ចំពោះ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។

ក្រសួង ណែនាំដល់អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង ដ្រូន (Anti-Drone System)៕

Daily Program

Livesteam thumbnail