ក្រសួងការបរទេស បដិសេធការចោទប្រកាន់ថៃ ពាក់ព័ន្ធនឹងការដាក់មីនថ្មីនៅព្រំដែន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ច្រានចោលការចោទប្រកាន់របស់ថៃ ពាក់ព័ន្ធនឹងការដាក់មីនថ្មីនៅតាមព្រំដែន និងអះអាងជាថ្មីថា មីននៅតាមព្រំដែន គឺបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលអស់រយៈពេលជិត៣០ឆ្នាំមកហើយ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ចេញផ្សាយនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍ តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលថាថៃផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍ រួមស្ដីពី​សន្តិភាព កម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ​វាងនាយករដ្ឋមន្ត្រីកម្ពុ ជានិងថៃ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សី។

បណ្ដាព័ត៌មានថៃ ក៏បានលើកពីករណីផ្ទុះមីននៅថ្ងៃទី១០វិច្ឆិកានេះ ដែលធ្វើឱ្យទាហានថៃ២នាក់ រង របួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ បញ្ហានេះ ត្រូវ បានពួកគេ យកជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួមខាងលើ រួមទាំងការលុបចោល គម្រោងដោះលែងយោធិនខ្មែរ១៨រូប ដែលភាគីថៃបានប្រកាសថា នឹងអនុវត្ត ឬ ដោះលែងនៅ ថ្ងៃទី ១២វិច្ឆិកាខាងមុខ។ 

ក្រសួងការបរទេសកម្ពុជា គូសបញ្ជា​ក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជា មួយប្រទេស ថៃ​។ វាជាការសំខាន់ ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថាចម្ការមីនភាគ ច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជា រយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិ សាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន»។ 

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលចុះហត្ថលេខាជាមួយ និងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។ ទាំងនេះ ជាការសង្កត់ធ្ងន់របស់ក្រសួងការបរទេស៕ 

Daily Program

Livesteam thumbnail