ក្រសួងការបរទេសជំរុញការអនុវត្តបទឈប់បាញ់ដោយសុចរិត ក្នុងកិច្ចប្រជុំចតុភាគីអំពីជម្លោះព្រំដែន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំចតុភាគីដ៏សំខាន់មួយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ ព្រមទាំងនៅក្នុងតំបន់ទាំងមូល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកសម្របសម្រួល។ អង្គប្រជុំបានបង្ហាញនូវបំណងប្រាថ្នារួមសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។ នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនារបស់ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលកិច្ចប្រជុំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានា “ការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធិភាព” លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃយន្តការព្រំដែននានា (GBC, RBC, និង JBC)។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ “ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង”។ ឯកឧត្តម ប្រាក់ សុខុន បានពន្យល់ថា ក្នុងនាមជាប្រទេសដែលធ្លាប់មានស្លាកស្នាមបង្កដោយជម្លោះរាប់ទសវត្សរ៍ កម្ពុជាយល់យ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម ដោយថ្លែងថា៖ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង»។ ឯកឧត្តមបានបញ្ជាក់ពីជំហរដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ៖ «យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង»។ ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្ត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗដែលភាគីទាំងពីរបានឯកភាពគ្នាថ្មីៗនេះ រួមមាន៖ ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត។ ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ដើម្បីបំពេញនូវការទទួលខុសត្រូវរួមគ្នាក្នុងការស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕



Daily Program
