ក្រសួងការងារ អំពាវនាវ ដល់កម្មករ-និយោជិត ទាំងអស់ សូមទាក់ទងលេខ ១២៨៦ ក្នុងករណីមានបញ្ហា ដើម្បីឱ្យក្រសួងអន្តរាគមន៍ បានលឿនរហ័សជូនបងប្អូន

ដើម្បីដោះស្រាយ បញ្ហាប្រឈម ជូនបងប្អូនកម្មករ- និយោជិតទាំងអស់ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព នោះ អ្នកនាំពាក្យក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនទាក់ទងមកលេខ ១២៨៦ ដែលជាលេខ Hotline របស់ក្រសួង ។

លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ មានប្រសាសន៍នៅថ្ងៃទី១០ ខែមករានេះថា «នៅពេលបងប្អូន កម្មករ-និយោជិត មានបញ្ហាទាក់ទងនឹងលក្ខខណ្ឌការងារ ច្បាប់ការងារ ការរំលោភសិទ្ធិ ឬការជេរប្រមាថណាមួយនោះ សូមបងប្អូនទាក់ទងមកក្រសួងការងារ តាមរយៈលេខ Hotline ១២៨៦ ដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្ដាហ៍»។

លោកបានបន្តថា នៅពេលទទួលបានព័ត៌មាន ឬសំណើពីបងប្អូនកម្មករ-និយោជិតភ្លាម ក្រសួងការងារ នឹងចាត់មន្ត្រីជំនាញចុះទៅអន្តរាគមន៍សម្របសម្រួលដោះស្រាយជូនដោយលឿនរហ័ស មានប្រសិទ្ធភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវ ដល់បងប្អូនកម្មករ-និយោជិតទាំងអស់ សូមចៀសវាងនូវការតវ៉ា ខុសនីតិវិធី ឬបិទផ្លូវសាធារណៈ នៅខណៈដែលមិនទាន់បានទាក់ទងមកក្រសួងការងារ ដើម្បីឱ្យជួយដោះស្រាយជូននៅឡើយ ។

អ្នកនាំពាក្យដដែល ក៏បានលើកឡើងថា សូមបងប្អូនជឿទុកចិត្តមកលើយន្ដការ សម្របសម្រួលដោះស្រាយ របស់ក្រសួងការងារ ហើយប្រគល់បញ្ហារបស់បងប្អូនឱ្យមន្ត្រីជំនាញដោះស្រាយជូន ដោយលោកថា សំណូមពរ និងបញ្ហារបស់កម្មករ-និយោជិត គឺក្រសួងការងារតែងតែយកចិត្តទុកដាក់ដោះស្រាយ ឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាព៕

Daily Program

Livesteam thumbnail