ក្រសួងការងារ ចុះMoUស្តីពីការជ្រើសរើសពលកររដូវកាលពីកម្ពុជាជាង ១៥០០ នាក់/ឆ្នាំ ទៅធ្វើការនៅស្រុកហុងឆុន ប្រទេសកូរ៉េ

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកម្មវិធីពលកររដូវកាលបរទេស ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅសាធារណរដ្ឋកូរ៉េ ខណៈបច្ចុប្បន្នស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ។ ពិធីចុះMoUនេះត្រូវបានធ្វើឡើងរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ជាមួយលោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ហេង សួរ បានថ្លែងអំណរគុណដល់លោក ស៊ីន យ៉ុងជេ ចំពោះការទទួលយកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋបាលស្រុកហុងឆុនទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកបានរំលេចអំពីសក្តានុពលរបស់ពលករកម្ពុជាដែលតែងតែទទួលបានការកោតសរសើរពីប្រទេសទទួល ជាពិសេសពលករកម្ពុជាមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងធ្វើការងារ។ លោកក៏បានលើកឡើងថាកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្រុកហុងឆុន លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន។

លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ជូនថា ស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។

គួរបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាតាមកម្មវិធីពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែមួយគត់ ដើម្បីធានានូវការទៅធ្វើការដោយស្របច្បាប់ និងទទួលបានការគាំពារសិទ្ធិរបស់ពលករ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

 

Daily Program

Livesteam thumbnail