ក្រសួងកសិកម្មកម្ពុជាជំរុញអនុវត្តវិធាន កម្រិតសំណល់ថ្នាំកសិកម្ម បន្ទាប់ពីជាប់បំរាមអង្ករនៅអឺរ៉ុប

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង អំពីករណីសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ក្នុងអង្ករកម្ពុជា នាំចូលទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតប អគ្គនាយកដ្ឋានកសិកម្មបានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្ម អាចជំនួសថ្នាំកសិកម្មជាប់កម្រិតកំណត់ទាប និង មានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និង ស្នើឱ្យភាគីពាក់ព័ន្ធចូលរួមអនុវត្តវិធាននេះ។

យោងតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប ០,០១ មីលីក្រាម/គីឡូក្រាម។ តាមរយៈបញ្ញត្តិនេះ មានសារធាតុសកម្មថ្នាំកសិកម្មចំនួន ៣១៣មុខ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ ត្រូវបានសហភាពអឺរ៉ុបដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្ម (Maximum Residue Limit - MRL) ក្នុងអង្ករត្រឹមតែ ០,០១មីលីក្រាម/គីឡូក្រាម ពោលគឺត្រូវបានទម្លាក់ចំនួន ១០០ដងនៃកម្រិតចាស់គឺ ១មីលីក្រាម/គីឡូក្រាម។

បើតាមក្រសួង បញ្ហានេះ បាននិងកំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ដែលកន្លងមកថ្មីៗនេះ អង្ករកម្ពុជាមួយចំនួនដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។

ឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងជំរុញការអនុវត្តវិធានការ ចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវផ្សារភ្ជាប់នឹងយន្តការផលិតកម្មតាមកិច្ចសន្យា ការដាំដុះប្រភេទពូជស្រូវមានសក្តានុពលរបស់ជាតិ ការកំណត់តំបន់ដាំដុះដំណាំស្រូវ និងការផ្សព្វផ្សាយអំពីលក្ខខណ្ឌ តម្រូវសម្រាប់ការនាំចេញអង្ករ ទៅកាន់សហភាពអឺរ៉ុប ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព បង្ការមិនឱ្យមានសំណល់ ថ្នាំកសិកម្មលើសកម្រិតកំណត់ ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្ម ដែលអាចជំនួសថ្នាំកសិកម្មជាប់ កម្រិតកំណត់ទាប ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំនូវបញ្ជីប្រភេទថ្នាំកសិកម្ម ដែលអាចជំនួសថ្នាំកសិកម្មជាប់កម្រិត កំណត់ទាប និងមានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដូចមាននៅក្នុង QR Code និង អំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី-ខេត្ត សហគមន៍ កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្ម ជាជម្រើសចុងក្រោយ៕

 

Daily Program

Livesteam thumbnail