ក្នុងទីជម្រកសមុទ្រជុំវិញកោះអាចម៍សេះ មានសេះសមុទ្រចំនួន ៤ ប្រភេទកំពង់រស់នៅ
អង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា នៅក្នុងទីជម្រកសមុទ្រជុំវិញកោះអាចម៍សេះ មានសេះសមុទ្រចំនួន ៤ ប្រភេទរស់នៅ ក្នុងនោះរួមមាន៖ H. kuda, H. spinosissimus, H. mohnikei និង H. trimaculatus ។អង្គការ MCC បានសិក្សាពីសេះសមុទ្រទាំងនេះនៅក្នុងគម្រោងអភិរក្សសេះសមុទ្រកម្ពុជា។
តាមរយៈការធ្វើអង្កេតដោយការជ្រមុជទឹក (Scuba diving) ទៀងទាត់ ក្រុមការងារអភិរក្សបានប្រមូលទិន្នន័យអំពីចំនួន តំបន់រស់នៅ និងទីជម្រកសំខាន់ៗនៅក្នុងប្រជុំកោះកែប។ការស្រាវជ្រាវរបស់អង្គការ MCC គឺអនុវត្តតាមវិធីសាស្ត្រដែលទទួលស្គាល់ជាអន្តរជាតិ និងបានធ្វើឡើងដោយ Project Seahorse របស់អង្គការ ។ អ្នកជ្រមុជទឹកធ្វើកាអូសខ្សែម៉ែត្រ (Transects) ដែលបានកំណត់រួច និងប្រមូលទិន្នន័យបរិស្ថានតាមរយៈការយកសំណាកក្នុងក្វាដ្រាត (Quadrat)។ នៅពេលរកឃើញវត្តមានសេះសមុទ្រមួយ យើងនឹងថតរូប រួចកត់ត្រាព័ត៌មានមួយចំនួនដូចជា ប្រភេទ ភេទ ទំហំ ស្ថានភាពនៃការពពោះ និងវត្ថុដែលវាកំពុងតោង។ លើសពីនេះទៅទៀត យើងក៏កត់ត្រាពីជម្រករស់នៅជុំវិញនោះផងដែរ រួមមាន ប្រភេទដីស្រទាប់បាត ស្មៅសមុទ្រ ផ្កាថ្ម និងសប្បិសត្វសំបកពីរ។
សេះសមុទ្រស្ថិតនៅក្នុងបញ្ជីប្រភេទសត្វងាយរងគ្រោះថ្នាក់ និងត្រូវបានការពារនៅក្នុងប្រទេសកម្ពុជា។ ពួកវាកំពុងប្រឈម នឹងការបំផ្លាញទីជម្រក ការបំពុល ការចាប់ដោយចៃដន្យ ការប្រមូលផលហួសកម្រិត និងការយកទៅប្រើប្រាស់ក្នុងឱសថបុរាណផ្សេងៗ។
តាមរយៈការប្រមូល និងប្រៀបធៀបទិន្នន័យទាំងនោះជាប្រចាំ អង្គការ MCC អាចយល់ដឹងកាន់តែច្បាស់អំពីការផ្លាស់ប្តូរនៃចំនួនសេះសមុទ្រ និងការប្រើប្រាស់ទីជម្រករបស់ពួកវា ព្រមទាំងផ្តល់នូវព័ត៌មានដើម្បីទ្រទ្រង់ដល់ការអភិរក្សពួកវាបានផងដែរ ៕
