កូរ៉េខាងជើងត្រៀមខ្លួនត្រូវរ៉ូវគ្នាជាមួយទីក្រុងវ៉ាស៊ីនតុន តែបដិសេធការចង់បានរបស់ទីក្រុងសេអ៊ូល
កាលពីថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីការបិទសមាជនៃគណបក្សតែមួយ ទីភ្នាក់ងារព័ត៌មាន ផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានប៉ាន់ប្រមាណថា ទីក្រុងព្យុងយ៉ាងនឹងអាចមានការត្រូវរ៉ូវគ្នាល្អជាមួយសហរដ្ឋអាម៉េរិកដោយមានលក្ខខណ្ឌ និងរុញច្រានចោលការប៉ុនប៉ងធ្វើកិច្ចសន្ទនាជាមួយទីក្រុងសេអ៊ូល។
នៅអំឡុងសមាជកាលពីឆ្នាំ២០២១ លោកគីម ជុងអ៊ុន បានកំណត់សហរដ្ឋអាម៉េរិកថា ជាសត្រូវធំបំផុតរបស់ប្រជាជាតិកូរ៉េខាងជើង។ ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបង្ហាញនូវសេចក្តីស្រឡាញ់ចូលចិត្តទ្វេដងសម្រាប់មេដឹកនាំកូរ៉េខាងជើង និងធ្វើឲ្យទីតាំងអំណាចរបស់គាត់មានភាពកាន់តែស្រួលចិត្ត។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន បានថ្លែងថា ៖ “ប្រសិនបើទីក្រុងវ៉ាស៊ីនតុនគោរពលក្ខន្តិកៈសព្វថ្ងៃជាមហាអំណាចនុយក្លេអ៊ែរនៃប្រទេសយើងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងជើង (...) និងបោះបង់ចោលនូវនយោបាយអមិត្តរបស់ខ្លួន (...) វានឹងមិនមានហេតុផលណា សម្រាប់យើងមិនអាចត្រូវរ៉ូវគ្នាបានល្អជាមួយសហរដ្ឋអាម៉េរិកនោះទេ។”
នៅក្នុងអំឡុងដំណើរទស្សនកិច្ចមកអាស៊ីកាលពីឆ្នាំមុន លោកដូណាល់ ត្រាំ បានថ្លែងដោយបើកចំហ ១០០% សម្រាប់ជំនួបជាមួយលោកគីម ជុងអ៊ុន។ លោកដូណាល់ ត្រាំ បានស្ថិតនៅក្នុងជំហផ្ទុយពីនយោបាយអាមេរិកជាច្រើនទសវត្សរ៍ ដោយលោកទទួលស្គាល់ថា កូរ៉េខាងជើងគឺជាប្រភេទនៃប្រទេសដែលមានកម្លាំងថាមពលនុយក្លេអ៊ែរ។
ការព្យាករបានរីកធំអំពីលទ្ធភាពនៃជំនួបជាមួយលោកគីម ជុងអ៊ុន នៅខាងក្រៅដំណើរទស្សនកិច្ចគ្រោងទុករបស់លោកដូណាល់ ត្រាំ នៅចិន ដែលនឹងប្រកាសធ្វើនៅខែមេសាខាងមុខ។ កាលពីអណត្តិដំបូងរបស់លោក លោកដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាជាមួយលោកគីម ជុងអ៊ុន ៣ដង ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងដកហូតនុយក្លេអ៊ែរ ប៉ុន្តែមិនបានជោគជ័យ។
ប៉ុន្តែ នៅពេលនេះ គឺប្រទេសកូរ៉េខាងត្បូងជិតខាង ដែលលោកគីម ជុងអ៊ុន បានប្រកាន់ហៅថា ជាសត្រូវដែលប្រទូស្តរាយបំផុត។ យោងតាម ខេស៊ីអេនអេ KCNA ចេញពីសមាជលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ដោយមានក្បួនព្យុហយាត្រាយោធាផង លោកគីម ជុងអ៊ុន បានបិទទ្វារដែលផ្តល់ឲ្យ សម្រាប់ទីក្រុងសេអ៊ូល ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតុនទាក់ទិននឹងរឿងសន្តិសុខ។
ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជែមីញន ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំមុន បានស្វែងរកកិច្ចសន្ទនាទ្វេភាគីជាច្រើនដងជាមួយកូរ៉េខាងជើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការឆ្លើយតបនោះទេ។
កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បានទទួលរងទណ្ឌកម្មជាបន្តបន្ទាប់ដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ កាលពីខែមករា ប្រធានាធិបតីកូរ៉េខាងត្បូង បានប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង ក៏បានផលិតសារធាតុនុយក្លេអ៊ែរជារៀងរាល់ឆ្នាំ ដែលផ្គុំបានជាក្បាលគ្រាប់នុយក្លេអ៊ែរ ប្រមាណ ២០ គ្រាប់។
ប្រភពការទូតនានានៃកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការនៃទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកំពុងត្រៀមខ្លួនដើម្បីផ្តល់ការលើកលែងទណ្ឌកម្មសម្រាប់គម្រោងជំនួយមនុស្សធម៌នៅប្រទេសកូរ៉េខាងជើង។
យោងតាមអ្នកវិភាគជាច្រើន បានឲ្យដឹងថា នេះគឺជាគំនិតផ្តួចផ្តើមដែលអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល លុបបំបាត់ហេតុផល ដែលទីក្រុងព្យុងយ៉ាងតែងបានយកមកអះអាង ដើម្បីបដិសេធការចរចាហូតមកដល់ពេលនេះ។