កុមារអាយុ ៣ឆ្នាំ ៦ខែ ស្លាប់ ដោយសារជំងឺផ្តាសាយបក្សី នៅខេត្តក្រចេះ

កុមារាអាយុ ៣ ឆ្នាំ ៦ ខែ មកពីភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ទោះបីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបានខិតខំសង្គ្រោះអស់សមត្ថភាពក៏ដោយ។នេះបើយោងតាមក្រសួងសុខាភិបាល។

យោងតាមក្រសួង ក្រុមការងារបានយកសំណាកពីអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ស្វែងរកករណីសង្ស័យ និងផ្តល់ឱសថ Tamiflu ដល់អ្នកប៉ះពាល់ជិតស្និទ្ធ ដើម្បីទប់ស្កាត់ការឆ្លងបន្ត។ ទន្ទឹមនេះ យុទ្ធនាការអប់រំស្តីពីការបង្ការជំងឺផ្តាសាយបក្សីក៏ត្រូវបានធ្វើឡើងនៅភូមិខាងលើ។

ក្រសួងសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺផ្តាសាយបក្សី H5N1 ដែលនៅតែជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ ប្រសិនបើមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងធ្លាប់ប៉ះពាល់មាន់ទាឈឺ ឬងាប់ក្នុងរយៈពេល ១៤ ថ្ងៃមុន សូមរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុត និងជៀសវាងការជួបជុំក្នុងទីប្រជុំជន ដើម្បីការពារហានិភ័យនៃការស្លាប់៕

Daily Program

Livesteam thumbnail