កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហានេះ នាច្រកទ្វារអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃនេះនឹងមានកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលធ្វើឡើងរវាងមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា ជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ។

ក្នុងសន្និសីទសារព័ត៌មាន បង្ហាញបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់កម្ពុជា ថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា កិច្ចប្រជុំ RBC នេះភាគីកម្ពុជា ដឹកនាំដោយដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២។ មេបញ្ជាការទាំងពីរនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា ថៃ RBC នឹងប្រព្រឹត្តទៅនៅថ្ងៃនេះ (ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥) នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំ ក្នុងខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធានរបស់កិច្ចប្រជុំ RBC។ គណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធាន»។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ កម្ពុជាសង្ឃឹមថា នឹងនាំមកនូវលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចជំរុញការអនុវត្តបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាពពេញលេញ ​និងនាំមកនូវសន្តិភាព ស្ថិរភាព និងនាំមកនូវប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស៕

 

Daily Program

Livesteam thumbnail