កិច្ចចរចាថ្មី រវាងរុស្ស៊ី អ៊ុយក្រែន គ្រោងធ្វើនៅទីក្រុងអ៊ីស្តង់ប៊ូល

កាលពីថ្ងៃទី២១ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រាប់ ឲ្យ ដឹងថា កិច្ចចរចាសន្តិភាពបន្ទាប់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ធ្វើនៅថ្ងៃទី២៣ កក្កដា ក្រោយ ពីកិច្ចចរចាពីរដងមុននៅទីក្រុងអ៊ីស្តង់ប៊ូលប្រទេសទួរគី ដោយមិនមានលទ្ធផលធំដុំដើម្បី បញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គម លោកវ៉ូឡូឌីមៀ ហ្សេឡេនស្កី បានថ្លែងថា លោកបានពិភាក្សាជាមួយអគ្គលេខានៃក្រុមប្រឹក្សាសន្តិសុខ អ៊ុយក្រែន លោករូស្តេម អ៊ូម៉េរ៉ូវ អំពីការត្រៀមការផ្លាស់ប្តូរយោបល់ និងកិច្ចប្រជុំថ្មីនៅប្រទេស ទួរគីជាមួយភាគីរុស្ស៊ី។
ជំនួបនៅថ្ងៃទី២៣ កក្កដា មិនទាន់ត្រូវបានបញ្ជាក់ដោយវិមានក្រឹមឡាំងទេ។ អ្នកនាំពាក្យ វិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា បានប៉ាន់ប្រមាណថា គេ នឹងត្រូវការការងារច្រើនដើម្បីទទូលបានវឌ្ឍនភាពនៃខ្លឹមសារសំណើសន្តិភាពដែលផ្ទុយគ្នាទាំងស្រុងរវាងប្រទេសទាំងពីរ។
ជំនួបពីរដងបន្តបន្ទាប់គ្នានៅទីក្រុងអ៊ីស្តង់ប៊ូល រវាងគណប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ដែល រៀបចំឡើងក្រោមសំពាធរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ មិនបាននាំមកនូវវឌ្ឍនភាពអំពីបទឈប់បាញ់ទេ គឺដោះស្រាយបានតែការផ្លាស់ប្តូរអ្នកទោសសង្រ្គាម និងសាកសពទាហានដែលបានស្លាប់។
នៅអំឡុងកិច្ចចរចាប៉ុន្មានដងចុងក្រោយកាលពីខែមិថុនា ប្រទេសរុស្ស៊ីជាថ្មីម្តងទៀត បានបង្ហាញនូវការទាមទារខ្ពស់បំផុត រួមបញ្ជូលទាំងអ៊ុយក្រែនត្រូវធ្វើសម្បទានតំបន់ចំនួន ៤ បន្ថែមពីលើតំបន់គ្រីមៀ ដែលត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធទៅរុស្ស៊ីនៅឆ្នាំ២០១៤ ព្រមទាំងការបដិសេធរាល់ជំនួយយោធាលោកខាងលិច និងការមិនឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូផងដែរ។ អ៊ុយក្រែនបានបដិសេធនូវអ្វីដែលអ៊ុយក្រែនវាយតម្លៃថា នេះគឺជាការសម្រេចចិត្តមិនអាចកែប្រែបានរបស់រុស្ស៊ី និងដាក់ការសង្ស័យលើឆន្ទៈរបស់ទីក្រុងមូស្គូដើម្បីចរចាអំពីការឈប់បាញ់។
ប៉ុន្តែវិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនដើម្បីបន្តកិច្ចចរចាជាមួយអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានផ្តល់ពេល ៥០ថ្ងៃ ឲ្យរុស្ស៊ី ដើម្បីចរចាអំពីកិច្ចព្រមព្រៀងមួយ ក្រោមការគំរាមដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរ និងបានប្រកាសអំពីការចាប់ផ្តើមផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ ជាថ្មី។
យោងតាមកងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ដ្រូនចំនួន ៤២៦ និងមីស៊ីលរុស្ស៊ី ២៤គ្រឿង បានបាញ់មកលើអ៊ុយក្រែន ដែលបង្កជាការខូចខាតមានជាអាទិ៍នៅក្នុងតំបន់ អ៊ីវ៉ាណូ-ហ្វ្រេនគីវ (នៅភាគលិច) ទីក្រុងខាកគៀវ (នៅភាគខាងឥសាន) និងនៅទីក្រុងគៀវ។ កងទ័ពអាកាសអ៊ុយក្រែនបានអះអាងអំពីការបាញ់ទម្លាក់ដ្រូនចំនួន ៤០៣ គ្រឿង និងមីស៊ីលទាំងអស់របស់រុស្ស៊ី។
អភិបាលរដ្ឋធានីគៀវ លោកវីតាលី គ្លីតស្ឆ្កូ បានប្រាប់ឲ្យដឹងថា អគ្គីភ័យជាច្រើនបានឆាបឆេះដោយសារការវាយប្រហារ ឬការធ្លាក់កំទេចកំទីដ្រូនដែលត្រូវបានបាញ់ទម្លាក់ ដែលបានប៉ះពាល់មានជាអាទិ៍លើសាលាមត្តេយ្យមួយខ្នង អគារលំនៅដ្ឋានមួយចំនួន ផ្សារទំនើបមួយ និងច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។
ចំណែកក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ឲ្យដឹងថា ខ្លួនបានវាយប្រហារលើបណ្តុំសហគ្រាសឧស្សាហកម្មយោធាអ៊ុយក្រែន និងព្រលានយន្តហោះយោធា និងបានឈានដល់គោលដៅ។
Daily Program
