ការីតាសកម្ពុជា ផ្ដល់ជំនួយមនុស្សធម៌ដល់ ជន ភៀសសឹក
នៅព្រឹកនេះថ្ងៃអង្គារ ទី១៦ ខែធ្នូ អង្គការការីតាសកម្ពុជា បាន ផ្តល់ ជូននូវអង្ករ ចំនួន ២៧តោន ជូនដល់ក្រុមគ្រួសារភៀសសឹកចំនួន ១,១០៥ គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ស្រុកបវេល ខេត្តបាត់ដំបងក្រោម កិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្ត បាត់ដំបង។
លោកអេនរីគេ ហ្វីការេដូ ប្រធាន ក្រុម ប្រឹក្សា អង្គការការីតាសកម្ពុជា និង ជា អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគបាត់ដំបង បានមានប្រសាសន៍ទៅកាន់ ជន ភៀសសឹក ទាំងអស់ ថា «សូមបងប្អូនកុំមានអារម្មណ៍ឯកា ឬអស់សង្ឃឹមឡើយ! រាជរដ្ឋាភិបាល អង្គការការីតាសកម្ពុជា និងបណ្តាដៃគូអង្គការនានា នឹងឈរជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់»។
អង្គការការីតាសកម្ពុជា ជា សេនាធិកា រ មួយរបស់ ព្រះសហគមន៍កាតូលិក ក្នុងកិច្ច ការមនុស្ស ធម៌ ហើយ កន្លង មក អង្គការនេះ បាន ចូលរួម យ៉ាង ច្រើន ជួយ ដល់ ជនភៀសសឹក កន្លងមក នៅតាមព្រំដែន កម្ពុជា -ថៃ ក្នុងពេល មាន ជម្លោះ។
លោក គឹម រតនា នាយកអង្គការ ការីតាសកម្ពុជា បានលើកឡើងថា អង្គការការីតាសកម្ពុជា ជាអង្គការមនុស្សធម៌ និងអភិវឌ្ឍន៍នៃព្រះសហគមន៍កាតូលិកកម្ពុជា ដែលមានបេសសកម្មរួមជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍន៍ និងឆ្លើយតបបន្ទាន់ចំពោះ ជន រងគ្រោះ។
លោក បាន បញ្ជាក់ថា អង្គការការីតាសសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះ តម្រូវការ មូលដ្ឋាន របស់ ប្រជាជន ភៀសសឹក ជាពិសេស ជម្រកបណ្តោះអាសន្ន ស្បៀងអាហារ ទឹកស្អាតប្រើប្រាស់ ជាពិសេសគឺសុខសុវត្ថិភាព នៅតាមមណ្ឌលសុវត្ថិភាព។
លោក នាយកប្រតិបត្តិ រូប នេះ បាន អំពាវនាវ សុំ ឲ្យ មាន បទ ឈប់ បាញ់ និង សន្តិភាព និង សូម ឲ្យ «អន្តរជាតិជួយអន្តរាគមន៍ និងផ្តល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា»។
នៅ ក្នុងជំរំ ជន ភៀសសឹក អង្គការការីតាសកម្ពុជា នឹងតម្លើងធុងចម្រោះទឹកស្អាតសម្រាប់ ប្រើប្រាស់ និងរៀបចំតង់ ថ្នាក់រៀននិងបណ្ណាល័យចល័តបណ្តោះអាសន្ន ដើម្បីឱ្យកុមារនិងយុវជននៅទីនេះ មានកន្លែងរៀនបន្ត។ ក្នុងនោះដែរ អង្គការ នេះ បានសហការណ៍ជាមួយក្រសួងសុខាភិបាលដើម្បីផ្តល់សេវាកម្មសុខភាពផ្លូវចិត្តទាំងកុមារ និងមនុស្សពេញវ័យ ដើម្បី ជួយ ស្មារតី និង សុខភាព ផ្លូវចិត្ត ក្នុងពេលមាន សង្គ្រាម នេះ។
លោក យឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ អរគុណដល់អង្គការ ការីតាសកម្ពុជា ដែលបានជួយដល់ជនភៀសសឹក។
លោក បន្ត ថា «ខ្ញុំគិតថាពេលនេះ ជាពេលដ៏លំបាក ហើយដែលត្រូវជួយពួកគាត់ ព្រោះថាការរត់គេចគ្រាប់ ជារឿងមួយលំបាក ហើយឥឡូវពួកគាត់ក៏ខ្វះខាតស្បៀងអាហារថែមទៀត»។ លោក បន្ថែម ថា សកម្មភាព របស់ អង្គការ ការីតាសនៅ ពេល នេះ ធ្វើ ឲ្យគាត់ « រំភើបសប្បាយរីករាយជាខ្លាំង»។
យោងតាមទិន្នន័យពីក្រសួងការពារជាតិកម្ពុជា ស្ថានភាពជម្លោះនៅតាមបណ្ដោយព្រំដែនដែលបានផ្ទុះឡើងវិញតាំងពីថ្ងៃទី៧ ខែធ្នូ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មាន ជនស៊ីវិលបាត់បង់ជីវិត ប្រមាណជាង ១០នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ ជនភៀសសឹក មានចំនួនជិតកន្លះលាននាក់ កំពុងខ្វះខាតជម្រក និងស្បៀងអាហារ៕
ដោយ សេង មួយ